FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតចិនអះអាងថា ទីក្រុងប៉េកាំងគ្មានមហិច្ឆតាពង្រីកដែនឥទ្ធិពលរបស់ខ្លួននោះឡើយ ក្នុងទំនាក់ទំនងជាមួយក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក (Video inside)

15-07-2026 14:27

(ប៉េកាំង)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន បានអះអាងថា ចិនពុំមានចេតនាភូមិសាស្រ្តនយោបាយ ហើយមិនព្យាយាមចង់បានអ្វីដែលគេហៅថា ការពង្រីកដែនឥទ្ធិពល នៅក្នុងការធ្វើទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិក នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters។

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានធានាអះអាងដូចខាងលើប្រាប់ទៅកាន់សមភាគីនៃប្រទេសដែនកោះសូឡូម៉ុន អំឡុងជំនួបនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។​ តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិន លោក Wang បានលើកឡើងថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយសូឡូម៉ុន ពុំមានភ្ជាប់មកជាមួយនូវចំណងនយោបាយទេ ហើយក៏គ្មានការបង្ខិតបង្ខំអ្វីដែរ។

ថ្លែងប្រាប់រដ្ឋមន្រ្តីការបរទេសសូឡូម៉ុន លោក Rick Houenipwela លោកប្រមុខការទូតចិន បានបន្តថា​ ក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក គឺជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ មិនមែនជាទីវាលខាងក្រោយផ្ទះ​របស់នរណាមួយឡើយ ដូច្នេះហើយទំនាក់ទំនងរបស់ចិន ជាមួយក្រុមប្រទេសទាំងនេះ មិនគួរទទួលរងការលូកលាន់ជ្រៀតជ្រែក ​ពីសំណាក់ភាគីទី៣ទេ។

ជំនួបខាងលើកើតមានឡើង មួយសប្តាហ៍បន្ទាប់ពីយោធាចិន បានបាញ់តេស្តមីស៉ីលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក ដែលបានបង្កឱ្យមានការរិះគន់ពី​បណ្តាប្រទេសនៅក្នុងតំបន់ ក្នុងនោះរួមមានទាំងសូឡូម៉ុន។

គួរបញ្ជាក់ថា ការធ្វើតេស្តនោះទៀតសោត គឺគាប់ជួនជាមួយការចុះសន្ធិសញ្ញាការពារជាតិរវាងអូស្រ្តាលី និងប្រទេសដែនកោះហ្វ៊ីជី។ កាលពី​សប្តាហ៍មុន នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Matthew Wale បាននិយាយថា ចិនគឺជាមិត្តល្អរបស់សូឡូម៉ុន ប៉ុន្តែនេះពុំមែន​ជាអ្វីដែលមិត្តធ្វើនោះទេ។ លោកបានលើកឡើងយ៉ាងដូច្នេះ នៅពេលត្រូវបានសាកសួរ អំពីការបាញ់តេស្តមីស៉ីលរបស់ចិន ហើយ​បានប្តេជ្ញាពង្រឹងចំណងទាក់ទងជាមួយអូស្រ្តាលី៕