អាមេរិក គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារបំពង់បង្ហូរប្រេងរបស់អ៉ីរ៉ាក់ និងស៉ីរី ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ Hormuz (Video inside)
15-07-2026 11:50
(វ៉ាស៉ីនតោន)៖ មន្រ្តីម្នាក់នៃក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែង ដោយប្រទេសអ៉ីរ៉ាក់ និងស៉ីរី ដើម្បីស្តារបំពង់បង្ហូរប្រេងឆៅរវាងប្រទេសទាំងពីរ ដែលអាចកាត់បន្ថយសមត្ថភាពអ៉ីរ៉ង់ ក្នុងការរារាំងដំណើរការផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។
សហរដ្ឋអាមេរិក រំពឹងថាក្រុមហ៊ុនអាមេរិក នឹងដើរតួនាទីក្នុងការងារសង់បំពង់បង្ហូរប្រេង Kirkuk-Baniyas ដែលមួយផ្នែកធំប្រើប្រាស់លែងកើត ចាប់តាំងពីរងការខូចខាត អំឡុងការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ឆ្នាំ២០០៣។
បំពង់បង្ហូរប្រេងដែលស្ថិតក្រោមការស្តារឡើងវិញនេះ រត់ចេញពីវាលប្រេងអ៉ីរ៉ាក់ ក្បែរតំបន់ Kirkuk ទៅកាន់ឆ្នេរសមុទ្រភាគខាងលិចស៉ីរី។ វាគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់អ្នកផលិតប្រេងនៅមជ្ឈិមបូព៌ា ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ Hormuz ដែលឥឡូវកំពុងក្លាយជាចំណាប់ខ្មាំងក្នុងសង្រ្គាមអ៉ីរ៉ង់។
តាមទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Chevron អាចដើរតួនាទីក្នុងការសាងសង់បំពង់ប្រេងនេះ។ ឆ្លើយតបនឹងសំណើសុំការបញ្ជាក់ពី Reuters, Chevron ថាវាជាគោលការណ៍របស់ក្រុមហ៊ុន ហើយមិនអាចធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ភាគីទីបី ឬនិយាយពាក់ព័ន្ធការធ្វើពាណិជ្ជកម្មបានទេ៕
