FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅមុខ UN ចិនបរិហារថាសហរដ្ឋអាមេរិក កំពុងរុញច្រានមជ្ឈិមបូព៌ា ទៅរកមាត់ជ្រោះនៃមហន្តរាយ (Video inside)

15-07-2026 09:10

(យូអិន)៖ ចិន នៅថ្ងៃអង្គារ​ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយនៅចំពោះមុខអង្គការសហប្រជាជាតិថាសហរដ្ឋអាមេរិកកំពុងនាំតំបន់មជ្ឈិមបូព៌ាទៅកាន់មាត់ជ្រោះនៃមហន្តរាយ តាមរយៈការចាប់ផ្ដើមធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អំឡុងកិច្ចពិភាក្សាជជែកដេញដោលស្ដីពីក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន បេសកជនចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Sun Lei បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវមិនអាចប្រកែកបានចំពោះស្ថានការណ៍ដែលកំពុងកើតឡើងបច្ចុប្បន្នក្នុងប្រទេសយេម៉ែន និងតំបន់សមុទ្រក្រហម។ បេសកជនចិនក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិកបានបង្កឧបសគ្គដល់កិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីបិទបញ្ចប់ជម្លោះ ខណៈបណ្ដែតបណ្ដោយឱ្យបន្តកើតមានវិបត្តិក្នុងតំបន់ហ្កាហ្សា ហើយធ្វើឱ្យភាពតានតឹងកាន់តែរីកធំ។

លោក Sun Lei បានបន្ថែមថាដោយមិនមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ UN និងក្នុងបរិបទនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ សហរដ្ឋអាមេរិកបែរជាបើកការវាយប្រហារយោធាប្រឆាំងនឹងអ៉ីរ៉ង់ ដែលជាថ្មីម្ដងទៀតបានរុញច្រានតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅកាន់មាត់ជ្រោះនៃមហន្តរាយ។

ការអត្ថាធិប្បាយរបស់លោក Sun Lei ធ្វើឡើងជាការឆ្លើយតបទៅនឹងការរិះគន់ចិនដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN ​លោក Mike Waltz ដែលបានចោទប្រកាន់ ទីក្រុងប៉េកាំងថាបានបំពានលើបម្រាមនាំចេញអាវុធដែលដាក់ឱ្យអនុវត្តលើក្រុមហ៊ូទីមានអ៉ីរ៉ងជាខ្នងបង្អែក៕