FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទាប់ពីច្រកសមុទ្រហ័រមូស អ៊ីរ៉ង់គ្រោងប្រើប្រាស់ច្រកសមុទ្រក្រហមជាចំណុចដាក់សម្ពាធថ្មី (Video inside)

14-07-2026 21:55

(បេរូត)៖ បន្ទាប់ពីបានបិទខ្ទប់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសរួចមក ប្រទេសអ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងប្រើប្រាស់សន្លឹកបៀដ៏គ្រោះថ្នាក់បំផុតមួយទៀត នោះគឺការប្រើប្រាស់សម្ព័ន្ធមិត្តហ៊ូទីនៅយេម៉ែន ដើម្បីបិទច្រក Bab el-Mandeb ចូលទៅកាន់សមុទ្រក្រហម ដែលនេះគឺជាការបើកសមរភូមិថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងដាក់ឱ្យផ្លូវសរសៃឈាមថាមពលដ៏សំខាន់បំផុតទាំងពីររបស់ពិភពលោកស្ថិតក្នុងហានិភ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្របពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកបានចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ីរ៉ង់ ហើយការវាយប្រហាររបស់ក្រុមហ៊ូទីក៏កំពុងកើនឡើងស្របគ្នានោះ ក្រុមអ្នកវិភាគយល់ឃើញថា ទីក្រុងតេហេរ៉ង់ កំពុងពង្រីកវិសាលភាពនៃជម្លោះ និងស្វែងរកការដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន តាមរយៈការពង្រីកការគំរាមកំហែងដល់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលសកលហួសពីតំបន់ឈូងសមុទ្រ។ អ៊ីរ៉ង់បានបង្ហាញពីអំណាចរបស់ខ្លួនរួចទៅហើយតាមរយៈការរំខានចរាចរណ៍នៅហ័រមូស ហើយពេលនេះពួកគេហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកចំណុចដាក់សម្ពាធទីពីរនៅ Bab el-Mandeb ដែលជាផ្លូវទឹកតូចចង្អៀតតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដែន (Gulf of Aden) ជាទីដែលប្រេងនាំចេញរបស់អារ៉ាប៊ីសាអូឌីត និងនាវាដឹកជញ្ជូនសកលមួយភាគធំតែងតែឆ្លងកាត់។

មន្ត្រីជាន់ខ្ពស់យេម៉ែន លោក ម៉ូហាំម៉ាត់ អាល់ហ្វារ៉ា (Mohammed al-Farah) បានព្រមានកាលពីថ្ងៃចន្ទថា កងកម្លាំងយេម៉ែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទច្រកសមុទ្រ Bab el-Mandeb ប្រសិនបើអារ៉ាប៊ីសាអូឌីតនៅតែបន្តវាយប្រហារយេម៉ែន។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះអាចរុញច្រានតម្លៃប្រេងឱ្យហក់ឡើងដល់ ២០០ដុល្លារក្នុងមួយធុង។ លោកបានចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងញុះញង់អារ៉ាប៊ីសាអូឌីតឱ្យវាយប្រហារយេម៉ែន ដែលនេះមិនមែនជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកឡើយ។ លោកបានព្រមានថា៖ «ប្រសិនបើស្ថានភាពបច្ចុប្បន្នកាន់តែដុនដាប ច្រកសមុទ្រទាំងពីរនេះនឹងត្រូវបិទទាំងស្រុងក្នុងសម្ព័ន្ធភាពប្រតិបត្តិការតែមួយ»។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រសិនបើច្រកសមុទ្រហ័រមូសគឺជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ នោះច្រក Bab el-Mandeb អាចជាអាវុធបម្រុងចុងក្រោយរបស់ខ្លួន។ លោក ហ្វាវ៉ាស ហ្គើកស៍ (Fawaz Gerges) អ្នកប្រាជ្ញផ្នែកមជ្ឈិមបូព៌ា បានប្រាប់ Reuters ថា​ «អ៊ីរ៉ង់មានឆន្ទៈក្នុងការធ្វើរឿងនេះរហូតដល់ទីបញ្ចប់»។ លោកបានពន្យល់ថា ទីក្រុងតេហេរ៉ង់កំពុងបង្ហាញប្រាប់វ៉ាស៊ីនតោនថា ខ្លួនអាចគំរាមកំហែងច្រកសមុទ្រទាំងពីរនេះក្នុងពេលតែមួយ ដែលនេះនឹងប្រែក្លាយជម្លោះទ្វេភាគី ឱ្យទៅជាការប្រឈមមុខដាក់គ្នាដែលគំរាមកំហែងដល់ផ្លូវសមុទ្រ ដែលទ្រទ្រង់ពាណិជ្ជកម្មថាមពលសកលទាំងមូល៕