អូស្ត្រាលីត្រៀមបង្កើតការិយាល័យ AI ថ្នាក់ជាតិ ដើម្បីគ្រប់គ្រងបទប្បញ្ញត្តិ និងទាក់ទាញការវិនិយោគ
14-07-2026 20:37
(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នឹងបង្កើតស្ថាប័នថ្មីមួយដើម្បីគ្រប់គ្រង និងអភិវឌ្ឍស្តង់ដារបញ្ញាសិប្បនិម្មិត (AI) ដោយព្យាយាមរក្សាតុល្យភាពរវាងការទាក់ទាញការវិនិយោគ និងការរៀបចំបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
«ការិយាល័យ AI» នេះ នឹងស្ថិតនៅក្រោមនាយកដ្ឋាននាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីធានាឱ្យមានការសម្របសម្រួលរួមគ្នានៅគ្រប់ក្រសួងស្ថាប័នទាំងអស់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានបញ្ជាក់ថា អូស្ត្រាលីត្រូវតែមានយន្តការគ្រប់គ្រង AI រួមគ្នា ដូចដែលធ្លាប់បានធ្វើក្នុងការគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗពីអតីតកាល។ លោកបន្ថែមថា យន្តការនេះនឹងជួយឱ្យអូស្ត្រាលីក្លាយជាគោលដៅវិនិយោគ AI ដ៏ទាក់ទាញ តាមរយៈការផ្តល់ភាពច្បាស់លាស់ក្នុងការអនុម័ត និងនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងស្របពេលដែលអូស្ត្រាលីកំពុងព្យាយាមតាំងខ្លួនជាមជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងជាអ្នកដឹកនាំវិស័យ AI សកល ប៉ុន្តែក៏រងសម្ពាធឱ្យមានច្បាប់គ្រប់គ្រងតឹងរ៉ឹងផងដែរ។ ក្តីបារម្ភចម្បងជុំវិញ AI រួមមាន ការបាត់បង់ការងារ ការកើនឡើងថ្លៃថាមពល ការរំលោភកម្មសិទ្ធិបញ្ញា និងផលប៉ះពាល់បរិស្ថាន។ បច្ចុប្បន្ន អូស្ត្រាលីមិនទាន់មានច្បាប់ AI ជាក់លាក់នោះទេ ដោយគ្រាន់តែពឹងផ្អែកលើច្បាប់ការពារឯកជនភាព និងក្របខណ្ឌក្រមសីលធម៌ដោយស្ម័គ្រចិត្តប៉ុណ្ណោះ៕

