FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ គំរាមវាយកម្ទេចភ្នំ Pickaxe ដែលជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់អ៊ីរ៉ង់

14-07-2026 19:45

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​នៅថ្ងៃចន្ទ បានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចភ្នំ ភីកអេស (Pickaxe Mountain) នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានថាទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី The Hugh Hewitt Show លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «យើងនឹងកម្ទេចភ្នំ Pickaxe។ សូមប្រាប់ពួកអ៊ីរ៉ង់ឱ្យត្រៀមខ្លួនទៅ»។ លោកបានបន្ថែមថា អាមេរិកកំពុងតាមដានទីតាំងនេះយ៉ាងយកចិត្តទុកដាក់ និងតែងតែវាយប្រហារកម្ទេចរាល់ពេលដែលលេចឮព័ត៌មានពីសកម្មភាពនុយក្លេអ៊ែរនៅទីនោះ ហើយលោកជឿជាក់ថាអាមេរិកនឹងសាកល្បងវាយប្រហារទីតាំងនេះម្តងទៀតក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ភ្នំ Pickaxe ស្ថិតនៅក្បែរមជ្ឈមណ្ឌលចម្រាញ់អ៊ុយរ៉ាញ៉ូម ណាតាន់ (Natanz) របស់អ៊ីរ៉ង់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទីតាំងនេះគឺជារនាំងការពារដ៏រឹងមាំបំផុត ដែលមានបណ្តាញរូងក្រោមដីដ៏ជ្រៅចំនួនពីរ ដែលក្រុមអ្នកជំនាញវាយតម្លៃថា អាចធន់នឹងកម្លាំងទម្លុះទម្លាយរបស់គ្រាប់បែកកម្ទេចត្រង់សេ (Bunker Buster Bombs) ដ៏មានអានុភាពបំផុតរបស់សហរដ្ឋអាមេរិកទៅទៀត។

មុនការព្រមាននេះ លោក ត្រាំ ក៏ទើបតែបានប្រកាសបន្តការបិទខ្ទប់នាវាចរណ៍អ៊ីរ៉ង់នៅឈូងសមុទ្រ និងអះអាងថានឹងគ្រប់គ្រងច្រកសមុទ្រហ័រមូស ដោយទារកម្រៃឆ្លងកាត់ បន្ទាប់ពីភាគីទាំងពីរបានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនដាក់គ្នាទៅវិញទៅមក។ លោកបានគំរាមចុងក្រោយថា៖ «យើងនឹងវាយប្រហារពួកគេឱ្យចាស់ដៃនៅយប់នេះ និងនៅថ្ងៃស្អែកបន្តទៀត។ ពួកគេគ្មានផ្លូវអាចធ្វើអ្វីយើងបានឡើយ»៕