FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនស្នើ EU ឈប់គាំទ្រសេចក្តីសម្រេចខុសច្បាប់ ពាក់ព័ន្ធសមុទ្រចិនខាងត្បូង ចៀសវាងប៉ះពាល់ដល់ទំនាក់ទំនង (Video inside)

14-07-2026 16:55

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ឱ្យប្រយ័ត្នប្រយែងក្នុងការប្រើពាក្យពេចន៍និងសកម្មភាព ជុំវិញបញ្ហានៅតំបន់សមុទ្រចិនខាងត្បូង ហើយឈប់គាំទ្រដល់សេចក្តីសម្រេចខុសច្បាប់ ពាក់ព័ន្ធនឹងតំបន់នោះ ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និង EU។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian គូសបញ្ជាក់ថា «អឺរ៉ុប មិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយក៏គ្មានសិទ្ធិធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ផ្លូវសមុទ្រស្របច្បាប់របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែរ»។

ការគូសបញ្ជាក់នេះ កើតមានឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយប្រទេសមួយចំនួន ក្នុងនោះរួមទាំងប្រទេសនៅអឺរ៉ុប បានលើកឡើងថា ការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមិនមានមូលដ្ឋានច្បាប់ ហើយក្រោយមកមានការចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធមួយទៀត ពី EU ផ្ទាល់។

តាមលោក Lin ចិនក៏បានកោះហៅមន្ត្រីស្ថានទូតនៃប្រទេសពាក់ព័ន្ធប្រចាំប្រទេសចិន និងគណៈប្រតិភូ EU ប្រចាំប្រទេសចិន ដើម្បីបង្ហាញពីការតវ៉ាយ៉ាងម៉ឺងម៉ាត់ផងដែរ៕