រដ្ឋាភិបាលអាមេរិកសងប្រាក់បាន៨១ពាន់លានដុល្លារ នៃពន្ធគយដែលតុលាការកំពូលសម្រេចថាខុសច្បាប់ (Video inside)
14-07-2026 15:21
(វ៉ាស៉ីនតោន)៖ តួលេខស្តីពីកញ្ចប់ថវិកាដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា រដ្ឋាភិបាលអាមេរិក មកទល់ពេលនេះ បានសងប្រាក់ត្រឡប់ទៅវិញ ចំនួនជាង៨០ពាន់លានដុល្លារ នៃពន្ធគយដែលត្រូវបានប្រមូល មុនពេលតុលាការកំពូលចេញសេចក្តីសម្រេចថា ការប្រមូលពន្ធទាំងនោះគឺខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ចំណាត់ការដំឡើងពន្ធគយ បានបម្រើជាផ្នែកដ៏សំខាន់នៃផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់តាំងពីលោកត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៦នេះ តុលាការកំពូលអាមេរិក បានលុបចោលភាគច្រើននៃវិធានការដំឡើងពន្ធគយថ្មីរបស់លោក ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវសងប្រាក់ដល់ក្រុមហ៊ុននានាដែលបានបង់ពន្ធទាំងនោះវិញ។
យោងតាមទិន្នន័យកញ្ចប់ថវិកា សហរដ្ឋអាមេរិកបង់ប្រាក់បានចំនួន៨១ពាន់លានដុល្លារ នៃការសងថ្លៃពន្ធគយ ក្នុងឆ្នាំសារពើពន្ធឆ្នាំនេះ ដែលរាប់ចាប់ពីខែតុលា ឆ្នាំ២០២៥ ធៀបទៅនឹងត្រឹម៥ពាន់លានដុល្លារប៉ុណ្ណោះ អំឡុងរយៈពេលដូចគ្នា ក្នុងឆ្នាំសារពើពន្ធកន្លងទៅ។ មន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក បានទទួលស្គាល់ថា ការកើនឡើងខ្ពស់នេះ គឺស្ទើរតែទាំងស្រុងដោយសារសេចក្តីសម្រេចរបស់តុលាការកំពូល ហើយការសងប្រាក់ភាគច្រើន ត្រូវបានធ្វើឡើងកាលពីខែឧសភា និងខែមិថុនា។
គួរបញ្ជាក់ថា លោក ត្រាំ បានអះអាងថា ចំណាត់ការដំឡើងពន្ធគយរបស់លោក អាចជួយពង្រឹងសេដ្ឋកិច្ចឡើងវិញ ដោយវានឹងនាំយករោងចក្រត្រឡប់មកសហរដ្ឋអាមេរិក ផ្តល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរជាងមុន ហើយបង្រួមទំហំឱនភាពនៅក្នុងកញ្ចប់ថវិការសហព័ន្ធ។
តាមពិតទៅ ឱនភាពកញ្ចប់ថវិកា គឺកាលពីឆ្នាំមុនបានរួមតូចបន្តិចមែន ដោយសារតែប្រាក់ចំណូលពន្ធ ប៉ុន្តែឥឡូវវាកំពុងរីកធំឡើងវិញ ដោយកើនដល់១,៣៦៧ទ្រីលានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំសារពើរពន្ធនេះ ដែលជាកំណើន២ភាគរយ។ សហរដ្ឋអាមេរិក ក៏បានចំណាយជាង១ទ្រីលានដុល្លារ លើការទូទាត់ការប្រាក់នៃបំណុលរបស់ខ្លួនផងដែរ ដែលជាកំណើន១៤ភាគរយ ហើយការចំណាយលើវិស័យយោធា បានហក់ឡើង៥ភាគរយ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា៕


