FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកប្រកាសយុទ្ធនាការប្រឆាំងតុលាការអន្តរជាតិ ICC ដោយចោទថាគំរាមកំហែងពលរដ្ឋនិងអធិបតេយ្យរបស់ខ្លួន (Video inside)

14-07-2026 14:46

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក បានប្រកាសពីយុទ្ធនាការដើម្បីប្រឆាំង​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់តុលាការនេះថា បង្កការគំរាមកំហែងមិនអាចអត់ឱ្យបានចំពោះពលរដ្ឋ​ក៏ដូចជាអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រោមយុទ្ធនាការខាងលើ រដ្ឋាភិបាលអាមេរិកទាំងមូល នឹងធ្វើសកម្មភាពជាបន្ទាន់ដើម្បីបិទខ្ទប់សមត្ថភាពរបស់ ICC ក្នុងការធ្វើប្រតិបត្តិការកំណត់គោលដៅលើកងទ័ពឬមន្រ្តីអាមេរិក ឬមួយក៏គំរាមកំហែងអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងដូច្នេះថា «ICC និងមិត្តរបស់ខ្លួន កំពុងធ្វើសង្រ្គាមប្រឆាំងប្រទេសរបស់យើង មិនមែនដោយប្រើគ្រាប់កាំភ្លើងឬមីស៉ីលទេ ប៉ុន្តែដោយប្រើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអ្វីដែលត្រូវបានអះអាងថា ជាប្រព័ន្ធច្បាប់អន្តរជាតិ។

ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងតុលាការ ICC បានធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំង ដោយមន្រ្តីមួយចំនួនរបស់តុលាការនេះ រួមមានទាំងប្រធានរដ្ឋអាជ្ញា គឺកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិករួចជាស្រេច ចាប់តាំងពីលោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។ ទណ្ឌកម្មទាំងនោះ បានផ្តោតជាចម្បងលើ​ការស៉ើបអង្កេតរបស់ ICC ពាក់ព័ន្ធអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតដិតបំផុតរបស់អាមេរិក។ ICC បានចេញដីចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

ក៏ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិក បានផ្តោតជាសំខាន់ទៅលើអ្វីដែលខ្លួនហៅថា ការគំរាមកំហែងមិនអាចអត់ឱ្យបានរបស់ ICC ចំពោះអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៉ីនតោនបានសង្កត់ធ្ងន់ថា ចាប់តាំងពី ICC បង្កើតឡើងមក គឺអាមេរិកប្រកាន់ជំហរជាប់ជានិច្ចថា តុលាការនេះ ពុំមានយុត្តាធិការលើពលរដ្ឋអាមេរិកឡើយ។ ក្រសួងការបរទេសអាមេរិក បានបង្ហាញចំណាត់ការមួយចំនួន ដែលខ្លួនកំពុងពិចារណាដើម្បីប្រឆាំងតុលាការ ICC ក្នុងនោះ​រួមមានទាំងការឱ្យមន្រ្តីទូតអាមេរិកបញ្ចុះបញ្ចូលប្រទេសដទៃទៀត ដកខ្លួនចេញពី ICC រួមជាមួយការដាក់បម្រាមធ្វើដំណើរ និងទណ្ឌកម្មបន្ថែមទៀត ប្រឆាំងមន្រ្តីក៏ដូចជាស្ថាប័ននិងអង្គការផ្សេងៗ ដែលគាំទ្រឬពាក់ព័ន្ធនឹងតុលាការនេះ។

គួរបញ្ជាក់ថា បង្កើតឡើងកាលពីឆ្នាំ២០០២ តុលាការ ICC កាត់ទោសបុគ្គលណាដែលរងការចោទប្រកាន់ប្រព្រឹត្តអំពើឃោរឃៅធ្ងន់ៗ រាប់បញ្ចូលទាំងឧក្រិដ្ឋកម្មសង្រ្គាម សង្រ្គាមប្រឆាំងមនុស្សជាតិ និងទង្វើប្រល័យពូជសាសន៍។ ទាំងអ៉ីស្រាអែលនិងអាមេរិក គឺសុទ្ធតែមិនមែនជាភាគីនៃសន្ធិសញ្ញាអន្តរជាតិ ដែលបង្កើត ICC នោះទេ។ ដោយឡែក រុស្ស៉ីក៏មិនមែនជាសមាជិកដែរ ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានតុលាការនេះចេញដីកាបង្គាប់ចាប់ខ្លួន តាំងតែពីខែមីនា ឆ្នាំ២០២៣៕