FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់បង់ក្លាដែស ថាអតីតនាយករដ្ឋមន្រ្តី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ពេលត្រឡប់ចូលស្រុកវិញ (Video inside)

14-07-2026 13:58

(ដាក្កា)៖ មន្រ្តីជាន់មួយរូបនៃប្រទេសបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថាអតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានទម្លាក់ពីអំណាច គឺលោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ បើលោកស្រីវិលត្រឡប់ចូលស្រុកវិញ ពីការនិរទេសខ្លួនឯងនៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Hasina ប្រឈមមុខជាមួយទោសប្រហារជីវិតនៅបង់ក្លាដែស ហើយគណបក្សបស់លោកស្រី ត្រូវបានហាមឃាត់​មិនឱ្យធ្វើសកម្មភាពនយោបាយអ្វីទាំងអស់ ចាប់តាំងពីផ្ទុះការបះបោរប្រឆាំងរបបដឹកនាំយូរឆ្នាំរបស់លោកស្រី កាលពីឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា បានសម្លាប់មនុស្ស១៤០០នាក់។ លោកស្រីបាននិងកំពុងជ្រកកោននៅប្រទេសឥណ្ឌា ចាប់តាំងពីខែសីហា ឆ្នាំនោះ ប៉ុន្តែថ្មីៗនេះ លោកស្រីបានប្រកាសពីគម្រោងវិលត្រឡប់ចូលប្រទេសវិញ។

អនុរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោកស្រី Shama Obaed Islam បាននិយាយថា លោកស្រី Sheikh Hasina គឺជាពិរុទ្ធជនម្នាក់ ដូច្នេះហើយប្រសិនបើលោកស្រី ពិតជាយល់ព្រមប្រគល់ខ្លួន សកម្មភាពនឹងត្រូវធ្វើឡើងចំពោះលោកស្រី ដោយស្របទៅតាមច្បាប់នៃប្រទេសបង់ក្លាដែស ពោលគឺលោកស្រីនឹងបញ្ជូនទៅកាន់ពន្ធនាគារ ហើយនីតិវិធីបន្តបន្ទាប់ទៀត នឹងប្រព្រឹត្តទៅស្របតាមលក្ខខណ្ឌនៃច្បាប់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការឧក្រិដ្ឋកម្មសង្រ្គាមរបស់បង់ក្លាដែស បានផ្តន្ទាទោសប្រហារជីវិតដោយកំបាំងមុខចំពោះ លោកស្រី Hasina សម្រាប់ការបញ្ជាឱ្យមានសកម្មភាពបង្រ្កាបយ៉ាងប្រល័យ ប្រឆាំងចលនាបះបោរដឹកនាំដោយនិស្សិត។ សព្វថ្ងៃ ប្រទេសអាស៉ីខាងត្បូងមួយនេះ កំពុងដឹកនាំដោយរដ្ឋាភិបាលនាយករដ្ឋមន្រ្តី លោក Tarique Rahman ដែលបានចូលកាន់តំណែងកាលពីខែកុម្ភៈ ក្រោយការបោះឆ្នោត ហើយកំពុងព្យាយាមស្តារស្ថិរភាពប្រទេសឡើងវិញ ក្រោយរយៈពេល២ឆ្នាំនៃវិបត្តិនយោបាយ។

គួរបញ្ជាក់ថា បង់ក្លាដែសបានស្នើឱ្យឥណ្ឌាធ្វើបត្យាប័នលោកស្រី Hasina ខណៈកាលពីខែមេសា ទីក្រុងញូវដែលី បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើនេះ ហើយចង់ធ្វើការទាក់ទងប្រកបដោយភាពស្ថាបនា ជាមួយរដ្ឋាភិបាលថ្មីរបស់បង់ក្លាដែស និងពង្រឹងទំនាក់ទំនងទ្វេភាគី។ កាលពីសប្តាហ៍មុន អំឡុងកិច្ចសម្ភាសន៍លើកដំបូងជាមួយ Reuters ចាប់តាំងពីរត់ទៅជ្រកកោននៅឥណ្ឌា លោកស្រី Hasina បានអះអាងផ្ទាល់ថា លោកស្រីមានបំណងចង់វិលត្រឡប់ចូលប្រទេសវិញដោយស្ម័គ្រចិត្ត នៅអំឡុងខែធ្នូ ឆ្នាំនេះ ហើយប្រគល់ខ្លួនឱ្យតុលាការ៕