សហរដ្ឋអាមេរិក បន្តវាយប្រហារលើអ៉ីរ៉ង់ ៣យប់ជាប់ៗគ្នា តែលោក ត្រាំថាកិច្ចព្រមព្រៀងនៅតែអាចទៅរួច (Video inside)
14-07-2026 08:26
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់នៅតែអាចធ្វើរួចក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងប្រាប់ពិធីករវិទ្យុ លោក Hugh Hewitt កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានគូសបញ្ជាក់ថា «យើងនឹងវាយប្រហារពួកគេ (អ៉ីរ៉ង់) ឱ្យចាស់ដៃនៅយប់នេះ ហើយយើងនឹងបន្តវាយប្រហារពួកគេឱ្យចាស់ដៃនៅថ្ងៃស្អែក»។ ការគំរាមបែបនេះរបស់លោក ត្រាំ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃ ៩ភាគរយ នៅចំពោះមុខការភ័យខ្លាចពីការផ្ទុះឡើងវិញនូវសង្រ្គាមទ្រង់ទ្រាយធំ។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានប្រកាសថាការវាយប្រហារនឹងបន្តបង្កការខូចខាតធ្ងន់ធ្ងរលើកងកម្លាំង អ៉ីរ៉ង់ ហើយបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តបើកការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz។ នៅព្រឹកថ្ងៃអង្គារនេះដែរ អេមីរ៉ាតអារ៉ាប់រួមបាននិយាយថាអ៉ីរ៉ង់បានវាយប្រហារលើ កប៉ាល់ដឹកប្រេង២គ្រឿងក្នុងតំបន់ច្រកសមុទ្រ Hormuz ដោយបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់បានរងរបួស។ អេមីរ៉ាតអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ផងដែរពីការវាយប្រហារដោយមីស៊ីល និងដ្រូនជាច្រើនគ្រាប់ពីអ៉ីរ៉ង់។
តែទោះជាជម្លោះកំពុងកើនឡើងជាថ្មីក៏ដោយ លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ថាកិច្ចព្រមព្រៀងមួយជាមួយតេហេរ៉ង់ដើម្បីបិទបញ្ចប់សង្រ្គាមនៅតែអាចធ្វើទៅរួច៕



