មនុស្សជាច្រើននាក់ស្លាប់ ក្នុងការវាយប្រហារជាថ្មីរបស់អាមេរិកមកលើប្រទេសអ៊ីរ៉ង់
13-07-2026 23:02
(តេហេរ៉ង់)៖ អាជ្ញាធរមូលដ្ឋានអ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃចន្ទថា មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស នៅក្នុងរលកនៃការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក មកលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars និង IRNA របស់អ៊ីរ៉ង់ ការវាយប្រហារនៅខេត្ត Khuzestan ភាគនិរតីប្រទេស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងរបួស ៧នាក់ បន្ទាប់ពីគ្រាប់ផ្លោងអាមេរិកបានធ្លាក់ចំទីតាំងជាច្រើន រួមទាំងស្ថានីយបូមទឹកកសិកម្មមួយកន្លែងផងដែរ។ ទន្ទឹមនឹងនេះ ការវាយប្រហារពេលយប់ទៅលើមជ្ឈមណ្ឌលយោធាក្នុងខេត្ត Isfahan ក៏បានសម្លាប់មនុស្សម្នាក់ និងរបួស ៧នាក់ទៀតផងដែរ។
ក្រៅពីតំបន់ខាងលើ ទីភ្នាក់ងារសារព័ត៌មាន Mehr ក៏បានរាយការណ៍ពីការឮសំឡេងផ្ទុះជាច្រើននៅជុំវិញទីក្រុងកំពង់ផែ Bandar Abbas និងកោះ Qeshm ភាគខាងត្បូងប្រទេសផងដែរ កាលពីថ្ងៃត្រង់ថ្ងៃចន្ទ។
គួររំលឹកថា សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ក្នុងសប្តាហ៍កន្លងទៅនេះ ដោយចោទប្រកាន់ថាទីក្រុងតេហេរ៉ង់ បានវាយប្រហារលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរនៅច្រកសមុទ្រហ័រមូស។ ជាការឆ្លើយតប កងកម្លាំងអ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានយោធាអាមេរិកនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រវិញផងដែរ៕
