ក្រុមហ៊ូទីយេម៉ែន ចោទអារ៉ាប៊ីសាអូឌីតថាបានវាយប្រហារព្រលានយន្តហោះសាណា និងប្តេជ្ញាសងសឹក (Video inside)
13-07-2026 21:56
(សាណា)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅយេម៉ែន នៅថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ថាបានបើកការវាយប្រហារតាមអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិសាណា (Sanaa) ដោយបានប្តេជ្ញាថានឹងវាយបកសងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យយោធាហ៊ូទី លោក យ៉ាហ្យា សារី (Yahya Saree) បានចាត់ទុកការវាយប្រហារនេះថាជា «ការឈ្លានពានយ៉ាងច្បាស់ក្រឡែត» និងជាការបញ្ចប់បទឈប់បាញ់ ដោយព្រមានថាអារ៉ាប៊ីសាអូឌីតនឹងត្រូវទទួលរងផលវិបាក។ ឆ្លើយតបនឹងស្ថានភាពនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រដ្ឋាភិបាលយេម៉ែនស្របច្បាប់ បានចេញបញ្ជាឱ្យបិទព្រលានយន្តហោះទាំងអស់នៅទូទាំងប្រទេសជាបន្ទាន់។
មុនការចោទប្រកាន់នេះ ក្រសួងការពារជាតិនៃរដ្ឋាភិបាលយេម៉ែន បានអះអាងថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅវាយប្រហារលើផ្លូវរត់យន្តហោះនៅព្រលានយន្តហោះ Sanaa ក្នុងគោលបំណងរារាំងយន្តហោះអ៊ីរ៉ង់មិនឱ្យចុះចត។ ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពយេម៉ែនបានបញ្ជាក់នៅពេលក្រោយថា យន្តហោះនោះបានចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Hodeidah ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។
គួររំលឹកថា យេម៉ែនបានប្រឈមមុខនឹងសង្គ្រាមស៊ីវិល និងសង្គ្រាមតំណាង (Proxy War) ពីមហាអំណាចក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ូទីបានវាយដណ្តើមរដ្ឋធានី និងបង្ខំឱ្យរដ្ឋាភិបាលស្របច្បាប់ត្រូវរត់ទៅតាំងមូលដ្ឋាននៅទីក្រុងអាដែន (Aden) ភាគខាងត្បូង ដោយមានការគាំទ្រពីអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម បទឈប់បាញ់ឆ្នាំ២០២២ ត្រូវបានរក្សា និងគោរពយ៉ាងទូលំទូលាយ បើទោះបីជាក្រុមហ៊ូទីបានចូលរួមក្នុងជម្លោះតំបន់ ដោយវាយប្រហារនាវានៅសមុទ្រក្រហម និងជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ក្តី៕


