លោក ដូណាល់ ត្រាំ ប្រកាសថាអាមេរិកនឹងចូលគ្រប់គ្រងច្រកសមុទ្រហ័រមូស និងទាមទារយកកម្រៃការពារ
13-07-2026 20:01
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានប្រកាសថា សហរដ្ឋអាមេរិកអាចនឹងចូលកាន់កាប់ច្រកសមុទ្រហ័រមូស និងទាមទារឱ្យមានការទូទាត់ប្រាក់កម្រៃចំពោះការការពារសន្តិសុខនៅផ្លូវទឹកដ៏សំខាន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា «យើងនឹងក្លាយជាអ្នកថែរក្សាច្រកសមុទ្រនេះ។ យើងគួរតែទទួលបានការបង់ប្រាក់យ៉ាងច្រើន ព្រោះប្រទេសដែលនៅខាងយើងសុទ្ធតែជាប្រទេសអ្នកមាន ហើយយើងមិនអាចធ្វើកិច្ចការនេះដោយឥតគិតថ្លៃឡើយ»។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបិទខ្ទប់ច្រកសមុទ្រនេះ ដែលរុញច្រានឱ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់។
ជុំវិញភាពតានតឹងនេះ លោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកបំពានកិច្ចព្រមព្រៀងសន្តិភាព និងបានគំរាមវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យចាស់ដៃបំផុត។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា នាវាចរណ៍នឹងអាចដំណើរការជាប្រក្រតីវិញ លុះត្រាតែអាមេរិកបញ្ឈប់ការធ្វើអន្តរាគមន៍យោធានៅក្នុងផ្លូវទឹកនេះ បើពុំនោះទេ វិស័យប្រេងសកលនឹងប្រឈមគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។
គួររំលឹកថា កងកម្លាំងអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនដាក់គ្នាយ៉ាងក្តៅគគុកកាលពីចុងសប្តាហ៍ ដែលការកើនឡើងនៃអំពើហិង្សានេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីខែមុន៕

