FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេឡេនស្គី ប្រកាសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដើម្បីកែទម្រង់យុទ្ធសាស្ត្រនយោបាយថ្មី

12-07-2026 20:06

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃអាទិត្យថា លោកបានសម្រេចផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី យូលីយ៉ា ស្វីរីដេនកូ (Yulia Svyrydenko) ដែលទើបតែងតាំងកាលពីខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោក ហ្សេឡេនស្គី បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកស្រី ស្វីរីដេនកូ ក្នុងរយៈពេលកន្លងមក និងបានបញ្ជាក់ថា លោកបានផ្តល់ឱកាសថ្មីជូនលោកស្រី ដើម្បីដឹកនាំកិច្ចការទំនាក់ទំនងដ៏សំខាន់មួយជាមួយដៃគូយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ ទោះបីជាលោកមិនបានបញ្ជាក់ថាអ្នកណានឹងមកជំនួសតំណែងនេះក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះគឺដើម្បី «ធានាឱ្យបាននូវការអនុវត្តយុទ្ធសាស្ត្រនយោបាយដែលបានធ្វើបច្ចុប្បន្នភាពថ្មី» ខណៈដែលថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ក៏នឹងមានការផ្លាស់ប្តូរផងដែរ។

យោងតាមសមាជិកសភាបក្សប្រឆាំង លោក យ៉ារ៉ូស្លាវ ហ្សេឡេសនីយ៉ាក់ (Yaroslav Zhelezniak) បានបង្ហើបថា លោកស្រី ស្វីរីដេនកូ អាចនឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក។ យោងតាមច្បាប់របស់អ៊ុយក្រែន ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី ត្រូវតែមានការយល់ព្រមពីសភា ហើយវានឹងនាំឱ្យមានការរំលាយគណៈរដ្ឋមន្ត្រីទាំងមូលដើម្បីរៀបចំថ្មី។ បច្ចុប្បន្ន បេក្ខជនដែលមានសក្តានុពលអាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី រួមមាន រដ្ឋមន្ត្រីថាមពល លោក ដេនីស ស្មីហ្គាល់ (Denys Shmyhal), រដ្ឋមន្ត្រីការពារជាតិ លោក មីខៃឡូ ហ្វេដូរ៉ូវ (Mykhailo Fedorov), និងប្រធានក្រុមហ៊ុនថាមពលរដ្ឋ Naftogaz លោក សឺហ៊ី កូរ៉េតស្គី (Serhiy Koretskyi) ជាដើម៕