FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ាប្រាប់អាស៊ានថា លោកស្រី អោងសាន ស៊ូជី មានសុខភាពល្អ និងត្រូវបានថែរក្សាយ៉ាងដិតដល់

12-07-2026 19:23

(បាងកក)៖ ប្រេសិតពិសេសរបស់អាស៊ាន (ASEAN) ប្រចាំមីយ៉ាន់ម៉ា បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានជម្រាបប្រាប់ប្រមុខការទូតនៃបណ្តាប្រទេសអាស៊ានកាលពីថ្ងៃអាទិត្យថា អតីតមេដឹកនាំដែលកំពុងជាប់ឃុំឃាំង លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កំពុងមានសុខភាពល្អ និងត្រូវបានមើលថែរក្សាយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារីយ៉ា ថេរ៉េសា ឡាសារ៉ូ (Maria Theresa Lazaro) ដែលតែងតែព្យាយាមសុំចូលជួបលោកស្រី ស៊ូជី នោះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា​ «តាមអ្វីដែលខ្ញុំចងចាំពីរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា គាត់បានអះអាងថា លោកស្រី អោងសាន ស៊ូជី មានសុខភាពល្អ ហើយការលើកឡើងរបស់គាត់គឺប្រៀបដូចជាលោកស្រីជាសាច់ញាតិ ឬជាបងប្អូនស្រីរបស់ពួកគេអញ្ចឹង ដូច្នេះពួកគេនឹងមើលថែរក្សាលោកស្រីយ៉ាងល្អ»

គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី ស៊ូជី កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ (ដែលទើបតែត្រូវបានបន្ធូរបន្ថយទោសមួយភាគបីកាលពីពេលថ្មីៗនេះ) ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន រួមមាន ការញុះញង់ អំពើពុករលួយ ការលួចបន្លំការបោះឆ្នោត និងការរំលោភច្បាប់អាថ៌កំបាំងរដ្ឋ។ ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រ និងសម្ព័ន្ធមិត្តរបស់លោកស្រី តែងតែអះអាងថាការចោទប្រកាន់ទាំងអស់នេះ គឺជារឿងប្រឌិតឡើងសុទ្ធសាធ ដើម្បីកម្ចាត់លោកស្រីចេញពីឆាកនយោបាយ ខណៈដែលលោកស្រីផ្ទាល់ក៏តែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះផងដែរ៕