FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៉ីរ៉ង់ Mojtaba សន្យាសងសឹកចំពោះការធ្វេីឃាតឪពុករបស់លោក

11-07-2026 22:58

(តេហេរ៉ង់)៖ សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរពីមេដឹកនាំកំពូលអ៉ីរង់ Mojtaba Khamenei បានគំរាមសងសឹកចំពោះការស្លាប់ឪពុករបស់លោក គឺលោក Ali Khamenei ដែលជាអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ ដោយបន្ថែមថាវានឹងមិនតំណាងឱ្យតែអ៉ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សេរីភាពនៃប្រជាជននៅជុំវិញពិភពលោកផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បញ្ជាក់ថា ការសងសឹកគឺជា «ការទាមទាររបស់ប្រជាជាតិ» ហើយនឹងត្រូវតែធ្វើឡើងជាដាច់ខាត។ សេចក្តីថ្លែងការណ៍ដដែល គូសបញ្ជាក់ថា យើងប្តេជ្ញាសងសឹកចំពោះឈាមរបស់មេដឹកនាំដែលបានពលីជីវិត និងវីរជនពលីទាំងអស់នៃសង្គ្រាមពីរលេីកនេះ។

លោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅដេីមដំបូងនៃសង្គ្រាមជាមួយអ៉ីរ៉ង់។ លោក Mojtaba Khamenei ត្រូវបានប្រភពមួយចំនួនឱ្យដឹងថាកំពុងទទួលការព្យាបាល បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារ។

លោកមិនបានបង្ហាញខ្លួនឱ្យប្រជាជនអ៉ីរ៉ង់ឃេីញទេ ចាប់តាំងពីលោកត្រូវបានតែងតាំងជាមេដឹកនាំកំពូល​ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ហេីយសូម្បីតែអំឡុងពេលបុណ្យសពឪពុករបស់លោក។ អវត្តមានពីក្រសែភ្នែកសាធារណជនដោយគ្មានរូបថត វីដេអូ ឬការថតសំឡេង​ចាប់តាំងពីការសង្រ្គាមមក បានបន្ថែមភាពមិនប្រាកដប្រជាសម្រាប់ទីក្រុងតេហេរ៉ង់៕