អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ប្រកាសគ្រោងវិលត្រឡប់ចូលប្រទេសវិញ នៅខែធ្នូ ចុងឆ្នាំនេះ ក្រោយរត់ភៀសខ្លួនកាលពី២ឆ្នាំមុន (Video inside)
10-07-2026 16:59
(ញូវដែលី)៖ អតីតមេដឹកនាំបង់ក្លាដែស លោកស្រី Sheikh Hasina ដែលប្រឈមមុខទោសប្រហារជិវិត នៅក្នុងប្រទេសរបស់លោកស្រី ហើយជាទីដែលគណបក្សលោកស្រី ត្រូវជាប់បម្រាមនយោបាយ បានប្រកាសថា លោកស្រី រួមជាមួយសមាជិកជាន់ខ្ពស់របស់បក្ស គ្រោងវិលត្រឡប់ពីការនិរទេសខ្លួននៅប្រទេសឥណ្ឌាវិញ អំឡុងខែធ្នូ ចុងឆ្នាំនេះ រួចហើយចូលបង្ហាញខ្លួននៅតុលាការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយ Reuters លោកស្រី Hasina បាននិយាយយ៉ាងដូច្នេះថា «ពួកគេប្រហែលអាចចាប់ខ្លួនខ្ញុំ នៅពេលខ្ញុំត្រឡប់ទៅវិញ... ពួកគេថែមទាំងអាចសម្លាប់ខ្ញុំទៀតផង។ ទោះជាបែបនេះក្តី ខ្ញុំនៅតែត្រូវត្រឡប់ទៅវិញ។ ទោះសេចក្តីស្លាប់មកដល់ក៏ដោយ ខ្ញុំចង់ឱ្យវាកើតឡើងនៅក្នុងទឹកដីរបស់ខ្ញុំផ្ទាល់ ជាទីដែលឪពុកម្តាយខ្ញុំត្រូវបានបញ្ចុះ និងជាទីដែលញើសឈាមរបស់ពួកគាត់ ត្រូវបានសម្រក់»។ លោកស្រីបានអះអាងថា មូលហេតុដែលនាំឱ្យលោកស្រីបង្ខំចិត្តរត់ភៀសខ្លួន គឺដោយសារការគំរាមកំហែងចំពោះអាយុជីវិតលោកស្រី ខណៈដែលហ្វូងបាតុករនាំគ្នាសម្រុកឆ្ពោះទៅរកកន្លែងស្នាក់នៅរបស់លោកស្រីផ្ទាល់។
គួរបញ្ជាក់ថា លោកស្រី Hasina សព្វថ្ងៃមានវ័យ៧៨ឆ្នាំ បានរត់ចេញពីប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០២៤ ក្រោយចលនាបាតុកម្មដ៏កក្រើកបានផ្ទុះឡើង ហើយវាបានបិទបញ្ចប់ រយៈពេលកាន់អំណាចសរុបខ្ទង់២០ឆ្នាំ របស់លោកស្រីក្នុងនាមជានាយករដ្ឋមន្រ្តី។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការឧក្រិដ្ឋកម្មសង្រ្គាមរបស់បង់ក្លាដែស បានផ្ទន្ទាទោសប្រហារជីវិតលោកស្រីដោយកំបាំងមុខ សម្រាប់ការចេញបញ្ជាឱ្យមានការបង្រ្កាបយ៉ាងប្រល័យ ចំពោះចលនាបះបោរដឹកនាំដោយក្រុមនិស្សិត ដែលបើតាមរបាយការណ៍ UN បានផ្តាច់ជីវិតមនុស្សសរុបប្រហែល១៤០០នាក់៕
