FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័ស បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ នៅអេស្ប៉ាញ (Video inside)

10-07-2026 16:22

(ម៉ាឌ្រីដ)៖ មនុស្សចំនួន ១១នាក់បានបាត់បង់ជីវិត ក្នុងភ្លើងឆេះព្រៃនៅខេត្ត Almeria ភាគខាងត្បូងប្រទេសអេស្ប៉ាញ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ ១៥០នាក់ កំពុងទប់ទល់នឹងភ្លើងឆេះព្រៃ ដើម្បីឱ្យស្ថិតក្រោមការគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។

ប្រធានទីភ្នាក់ងារសង្រ្គោះបន្ទាន់តំបន់ លោក Antonio Sanz និយាយថា ភ្លើងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ព្រៃឈើមួយ ជុំវិញទីក្រុង Los Gallardos ខេត្ត Almería ភាគខាងត្បូងអេស្ប៉ាញ ប៉ះពាល់ជាងគេដល់ភូមិ Bedar ដែលនៅក្បែរនោះ។

អាជ្ញាធរបានណែនាំឱ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះ ហើយករណីស្លាប់នោះទំនងជាកើតឡើង នៅពេលដែលពួកគេសម្រេចចិត្តជម្លៀសចេញ ដោយប្រើរថយន្តផ្ទាល់ខ្លួន។ អាជ្ញាធរនៅតែបន្តប្រតិបត្តិការស្វែងរក ខណៈមានការព្រួយបារម្ភថា អាចមានមនុស្សបាត់ខ្លួនបន្ថែមទៀត។

តួលេខនៃអ្នកស្លាប់នេះ ធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏សាហាវបំផុតនៅអេស្ប៉ាញ គិតចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលអ្នកពន្លត់អគ្គីភ័យ ១១នាក់ បានស្លាប់ក្នុងអគ្គីភ័យមួយ នៅក្នុងខេត្ត Guadalajara ដែលបណ្តាលមកពីការដុតភ្លើងអាំងសាច់​ និងបង្កការឆេះព្រៃឈើរាប់ពាន់ហិកតា៕