គ្រោះអគ្គិភ័យឆាបឆេះរោងចក្រស្បែកជើងនៅប្រទេសចិន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់
09-07-2026 21:58
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង នៅភាគខាងកើតប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។
អគ្គិភ័យនេះបានឆាបឆេះរោងចក្រស្បែកជើងឈ្មោះ ហួយតេង (Huiteng Shoes) នៅក្នុងទីក្រុងជិនជាំង (Jinjiang) ខេត្តហ្វូជាន (Fujian) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។ ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរនៅតែបន្តបង្ហាញក្តីព្រួយបារម្ភថា អាចនៅមានមនុស្សជាប់គាំងនៅខាងក្នុងអគារនៅឡើយ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយកម្លាំងសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ១៨៣នាក់ ព្រមទាំងរថយន្តចំនួន ៣៥គ្រឿង ទៅកាន់កន្លែងកើតហេតុជាបន្ទាន់។
យោងតាមរូបភាព និងវីដេអូដែលផ្សាយដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីសកម្មភាពក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ចេញពីអគារពណ៌សកម្ពស់ជាច្រើនជាន់នោះ។ រូបភាពក៏បានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋកំពុងឈរគេចពីអណ្តាតភ្លើងនៅតាមបង្អួច និងនៅលើដំបូលអគារផងដែរ ខណៈដែលជាន់ខាងក្រោមត្រូវបានភ្លើងឆេះយ៉ាងសាហាវ។
ជុំវិញសោកនាដកម្មនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងការសោកស្តាយចំពោះ «ការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន» និងបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរុករក និងជួយសង្គ្រោះឱ្យអស់ពីលទ្ធភាព។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលបានសង្កត់ធ្ងន់ថា «មូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវតែស្វែងរកឱ្យឃើញក្នុងពេលឆាប់ៗ ហើយអ្នកដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»៕

