ក្រុមហ៊ុន Meta ត្រៀមផលិតបន្ទះឈីប AI ផ្ទាល់ខ្លួននៅខែកញ្ញា ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ក្រៅ
09-07-2026 20:02
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ យោងតាមឯកសារផ្ទៃក្នុងដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta កំពុងត្រៀមចាប់ផ្តើមផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនចាប់ពីខែកញ្ញាខាងមុខនេះ ដែលជាផ្នែកមួយនៃមហិច្ឆតាក្នុងការបង្កើនសមត្ថភាពកុំព្យូទ័រសរុបទ្វេដងនៅឆ្នាំក្រោយ។
បន្ទះឈីប AI ថ្មីដែលមានឈ្មោះកូដសម្ងាត់ Iris នេះ ត្រូវបានរចនាឡើងយ៉ាងពិសេសដោយក្រុមហ៊ុន Meta ផ្ទាល់ ដើម្បីយកទៅបំពាក់ក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) សម្រាប់ជួយជំរុញប្រសិទ្ធភាពប្រព័ន្ធ AI នៅលើបណ្តាញសង្គម Facebook និង Instagram។ យោងតាមឯកសារ ការធ្វើតេស្តបន្ទះឈីបនេះប្រើពេលត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះ និងទទួលបានជោគជ័យដោយគ្មានបញ្ហាបច្ចេកទេសធំដុំ។
គម្រោងនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Broadcom ក្នុងការរចនា និងផលិតដោយក្រុមហ៊ុន តៃវ៉ាន់ TSMC។ យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថានឹងជួយឱ្យ Meta អាចកាត់បន្ថយការចំណាយដ៏សន្ធឹកសន្ធាប់ ព្រមទាំងអាចកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើការទិញបន្ទះឈីបពីក្រុមហ៊ុនផ្គត់ផ្គង់ខាងក្រៅដូចជា Nvidia និង AMD ផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន Meta មានផែនការដ៏មហិច្ឆតាក្នុងការបញ្ចេញបន្ទះឈីប AI ជំនាន់ថ្មីជារៀងរាល់ ៦ខែម្តង រហូតដល់ឆ្នាំ២០២៧ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ជាទូទៅតែងតែចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ ទើបបញ្ចេញម៉ូដែលថ្មីម្តង៕
