អ្នកស្លាប់ ដោយសារការរអិលបាក់ដីនៅភាគពាយព្យប្រទេសចិន កើនដល់ ២១នាក់ (Video inside)
08-07-2026 09:37
(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី ក្នុងខេត្ត Gansu ស្ថិតនៅពាយព្យនៃប្រទេសចិនបានកើនដល់ ២១នាក់ មួយថ្ងៃបន្ទាប់ពីកប់មនុស្ស៣៣នាក់។
តាម Xinhua ក្រុមអ្នកជួយសង្រ្គោះបានទៅដល់កន្លែងកើតហេតុភ្លាមៗដែលរងការវាយប្រហារពីគ្រោះរអិលបាក់ដី នៅម៉ោង ៦៖៥៦នាទីព្រឹក កាលពីថ្ងៃអង្គារម្សិលមិញ នៅឯភូមិ Rencang ក្នុងតំបន់ Dangchang។ «ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនៅឯទីតាំងកើតមានការរអិលបាក់ដី ក្នុងតំបន់ Dangchang បានបិទបញ្ចប់ ខណៈមនុស្ស២១នាក់បានស្លាប់»។ នេះជាបញ្ជាក់បន្ថែមរបស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
គួរបញ្ជាក់ថា ការរអិលបាក់ដីកាលពីថ្ងៃអង្គារ បានកើតឡើងក្នុងថ្ងៃតែមួយដែលព្យុះ និងភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើភាគខាងត្បូង និងភាគកណ្ដាលប្រទេសចិនដោយសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និងរាប់រយនាក់រងរបួស។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យអាជ្ញាធរចិនបង្កើនកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងផ្ដល់ជំនួយដល់តំបន់ដែលរងគ្រោះ៕



