ឆ្មាំសមុទ្រជប៉ុននិងចិន ប្រឈមមុខដាក់គ្នានៅក្បែរទីប្រជុំកោះមានជម្លោះ (Video inside)
07-07-2026 15:00
(តូក្យូ)៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ នាវារបស់កងឆ្មាំសមុទ្រនៃប្រទេសជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ ហើយបានអះអាងរៀងៗខ្លួនថា បានបណ្តេញនាវានិងទូករបស់ភាគីម្ខាងទៀត ដែលបានទន្ទ្រានចូលមកក្នុងដែនទឹកអធិបតេយ្យរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ហេតុការណ៍ខាងលើបានកើតឡើង នៅក្បែរទីប្រជុំកោះគ្មានមនុស្សស្នាក់នៅ ដែលជប៉ុនហៅថា Senkaku និងដែលចិនហៅថា Daioyu។ ទីប្រជុំកោះនេះ មានទីតាំងស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងកោះ Okinawa ហើយជាប្រភពចម្បងមួយ នៃការកើតមានភាពតានតឹងការទូតរវាងប្រទេសទាំងពីរ ច្រើនទសវត្សរ៍មកហើយ។
ឆ្មាំសមុទ្រជប៉ុនបានអះអាងថា ខ្លួនបានបណ្តេញនាវា២គ្រឿងរបស់ចិន នៅពេលដែលពួកវាសំដៅមករកទូកនេសាទជប៉ុន១គ្រឿង ដែលកំពុងធ្វើដំណើរនៅក្នុងតំបន់នោះ។ ដោយឡែក ឆ្មាំសមុទ្រចិនវិញបានអះអាងថា ខ្លួនបានបណ្តេញទូកនេសាទជប៉ុន១គ្រឿង ដែលទន្រ្ទានចូលមកក្នុងដែនទឹកនៅជុំវិញទីប្រជុំកោះនោះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ដុនដាបយ៉ាងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានដុតបញ្ឆេះកំហឹងរបស់ទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ដោយសារតែការអត្ថាធិប្បាយស្តីអំពីតៃវ៉ាន់។ កាលពីពេលនោះ លោកស្រី Takaichi បាននិយាយថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីមានការវាយប្រហារណាមួយពីចិនលើតៃវ៉ាន់ ដែលជាកោះត្រូវបានទីក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន៕

