ប៉ូលិសវៀតណាម បង្រ្កាបបានបណ្តាញលួចភ្នាល់បាល់ World Cup គិតជាទឹកប្រាក់សរុប១៣៣លានដុល្លារ (Video inside)
07-07-2026 13:57
(ហាណូយ)៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ប៉ូលិសវៀតណាមបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនមនុស្ស៨៥នាក់ ជាប់ពាក់ព័ន្ធបណ្តាញលួចលាក់ភ្នាល់ល្បែងទ្រង់ទ្រាយធំសម្បើម ចំនួន២ ដែលគិតជាទឹកប្រាក់សរុបចូលគ្នាគឺចំនួន ១៣៣លានដុល្លារ ស្របពេលដែលរដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ បើកយុទ្ធនាការបង្រ្កាបសកម្មភាពភ្នាល់ល្បែងខុសច្បាប់ អំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ជាធម្មតាការលេងល្បែងអនឡាញ គឺត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម ប៉ុន្តែការធ្វើប្រតិបត្តិការដោយខុសច្បាប់ ដែលផ្តល់កម្រៃច្រើនសម្បើម គឺនៅតែសម្បូរវត្តមាន ជាហេតុនាំឱ្យមានការបង្រ្កាបពីអាជ្ញាធរ ជាពិសេសអំឡុងព្រិត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជា World Cup ជាដើម។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសទីក្រុងហូជីមីញ ប្រតិបត្តិការបង្រ្កាបខាងលើ ត្រូវបានធ្វើឡើងកាលពីចុងខែមិថុនា ដោយកំណត់គោលដៅលើបណ្តាញលួចលាក់ភ្នាល់ល្បែងចំនួន២ ដែលធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំជាពិសេស ហើយមានរចនាសម្ព័ន្ធកម្រិតខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ គិតចាប់តាំងពីតែខែតុលា ឆ្នាំ២០២៥មក បណ្តាញល្បែងទាំង២នេះ បានកត់ត្រាការធ្វើប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ គិតជាទឹកប្រាក់ចំនួន១៣៣លានដុល្លារ។
កាលពីសប្តាហ៍មុន ក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ប៉ូលិសបានបង្រ្កាបប្រតិបត្តិការល្បែងខុសច្បាប់ចំនួន៧៣កន្លែង នៅទូទាំងប្រទេស ដោយចាប់ខ្លួនបានជនសង្ស័យ៣៤៦នាក់ ពាក់ព័ន្ធការលេងល្បែងនិងការភ្នាល់បាល់ អំឡុងរយៈពេល២០ថ្ងៃដំបូង នៃព្រឹត្តិការណ៍ World Cup ហើយចំនួនទឹកលុយ ដែលទាក់ទងក្នុងសំណុំរឿងទាំងនេះ គឺសរុបស្មើខ្ទង់រាប់រយលានដុល្លារ។
គួរបញ្ជាក់ថា កាណាដា ម៉ិកស៉ិក និងសហរដ្ឋអាមេរិក កំពុងធ្វើជាសហម្ចាស់ផ្ទះ រៀបចំការប្រកួត World Cup ឆ្នាំនេះ ខណៈការប្រកួតចុងក្រោយបំផុត ត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្កដា៕

