FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៉ីរ៉ង់ Mojtaba មិនបានបង្ហាញខ្លួនក្នុងពិធីបុណ្យសពឪពុក លោក Ayatollah Khamenei (Video inside)

05-07-2026 15:56

(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កូនប្រុសចំនួន ៣នាក់របស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Khamenei បានអធិស្ឋាននៅក្បែរមឈូសរបស់លោក និងមឈូសរបស់សមាជិកគ្រួសារ ៤នាក់ផ្សេងទៀត ប៉ុន្តែកូនប្រុសម្នាក់ទៀតដែលបន្តវេនជាមេដឹកនាំកំពូលអ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mojtaba Khamenei មិនបានបង្ហាញខ្លួនទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានឱ្យឃេីញលោក Mostafa លោក Meysam និងលោក Masoud Khamenei កំពុងអធិស្ឋាននៅពីក្រោយមឈូសដែលដាក់នៅក្នុងទីធ្លាដ៏ធំល្វឹងល្វើយនៃ Imam Khomeini Grand Mosalla ក្នុងទីក្រុងតេហេរ៉ង់ ដែលជាអគារសាសនាដ៏ធំទូលាយមួយ។

បន្ទាប់ពីតម្កល់ទុកក្នុងអគាររយៈពេលមួយថ្ងៃ ដើម្បីឱ្យមេដឹកនាំជាន់ខ្ពស់របស់អ៉ីរ៉ង់ និងមន្ត្រីបរទេសចូលគោរពវិញ្ញាណក្ខន្ធនោះ នៅថ្ងៃសៅរ៍ មឈូសរបស់លោក Khamenei ត្រូវបានគេយកមកដាក់នៅទីវាលក្នុងទូកញ្ចក់ រួមជាមួយមឈូសកូនស្រី កូនប្រសារប្រុស កូនប្រសារស្រី និងចៅស្រីវ័យ ១៤ខែរបស់លោក។ រហូតមកដល់ពេលនេះ មិនទាន់មានការបង្ហោះជាសាធារណៈ ឬរូបភាពណាមួយនៃមេដឹកនាំកំពូលបច្ចុប្បន្ន គឺលោក Mojtaba ដែលត្រូវបានគេនិយាយថា បានរងរបួសក្នុងការវាយប្រហារដែលសម្លាប់ឪពុករបស់លោក និងសមាជិកគ្រួសារផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ពេលដែលអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់នៅឡេីយទេ។

នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និងប្រធានសភា លោក Mohammad Baqer Qalibaf បានអធិស្ឋាននៅពីក្រោយមឈូស។ លោក Masoud Khamenei ត្រូវបានគេឃើញយំ និងជូតទឹកភ្នែករបស់គាត់ជាមួយនឹងក្រមា keffiyeh ដែលជានិមិត្តរូបនៅក្នុងប្រទេសអ៉ីរ៉ង់ តំណាងឱ្យឧត្តមគតិបដិវត្តន៍សកម្មប្រយុទ្ធ និងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

ប្រជាជនអ៉ីរ៉ង់ជាច្រេីនដែលភាគច្រើនកំពុងយំសោក និងខ្លះទៀតគក់ទ្រូង បានប្រមូលផ្តុំគ្នានៅ Mosalla រួមទាំងពេញមួយយប់ផងដែរ។ បណ្តាញផ្លូវដែកអ៉ីរ៉ង់ ថាខ្លួនបានធ្វើដំណើរចំនួន ៧លានដងចាប់ពីយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ ខណៈដែលមនុស្សបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតេហេរ៉ង់។

តាមអ្វីដែលអាជ្ញាធរអ៉ីរ៉ង់ កំពុងប្រកាស នឹងមានការក្បួនដង្ហែដ៏ធំមួយនៅកណ្តាលទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទ ហេីយនឹងត្រូវយកទៅទីក្រុង Qom សម្រាប់ពិធីបុណ្យសពនៅថ្ងៃអង្គារ។ ពីទីក្រុងនោះ សាកសពនឹងត្រូវដឹកតាមយន្តហោះទៅកាន់ប្រទេសអ៉ីរ៉ាក់សម្រាប់ពិធីនៅក្នុងទីក្រុង Najaf និង Kerbala ដែលជាទីសក្ការៈបូជារបស់អ្នកកាន់សាសនាឥស្លាមនិកាយស៉ីអីដនៅថ្ងៃពុធ។ សាកសពនឹងត្រឡប់ទៅប្រទេសអ៉ីរ៉ង់វិញនៅថ្ងៃព្រហស្បតិ៍សម្រាប់ក្បួនដង្ហែមួយផ្សេងទៀតនៅទីក្រុង Mashhad ដើម្បីបញ្ចុះនៅជិតផ្នូររបស់អតីតមេដឹកនាំឥស្លាមស៊ីអ៉ីដសម័យកណ្តាល៕