FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ច្រានចោលការអះអាងរបស់រុស្ស៉ីពីការវាយដណ្ដើមបានទីក្រុង Kostiantynivka (Video inside)

04-07-2026 19:26

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងកើតនៃប្រទេស ដោយច្រានចោលការអះអាងរបស់រុស្ស៉ីថាបានវាយដណ្ដើមកាន់កាប់បានទីក្រុងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វាជារឿងមិនពិតនោះទេ ហើយវាគ្រាន់តែជាការភូតកុហករបស់រុស្ស៉ីប៉ុណ្ណោះដែលជាការប៉ុនប៉ងមួយដើម្បីប្រឌិតរឿងបែបនេះឡើង»។ លោកបន្ថែមថាប្រសិនបើទីក្រុង Kostiantynivka ពិតជាធ្លាក់ចូលទៅក្នុងដៃរុស្ស៉ីមែននោះ ម្ល៉េះលោក ពូទីន ប្រហែលជាមិនមានបញ្ហាអ្វីត្រូវជំទាស់នឹងកិច្ចប្រជុំជាមួយរូបលោកនោះទេ ហើយលោកគួរតែស្វែងរកមធ្យោបាយការទូតមួយដើម្បីបញ្ចប់សង្រ្គាមនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ យោធារុស្ស៉ីបានប្រាប់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ថាកងកម្លាំងខ្លួនដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន ខណៈវាជាទីតាំងសំខាន់មួយ ដែលទីក្រុងមូស្គូចង់កាន់កាប់ជាយូរមកហើយ ក្នុងកិច្ចប្រឹងប្រែងបន្តវាយលុកទៅមុខ​នៅក្នុងតំបន់ Donetsk៕