FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីអះអាងថា កងកម្លាំងរបស់ខ្លួនយកបានទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន (Video inside)

04-07-2026 15:05

(មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ យោធារុស្ស៉ីបានប្រាប់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ថាកងកម្លាំងខ្លួនដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន ខណៈវាជាទីតាំងសំខាន់មួយ ដែលទីក្រុងមូស្គូចង់កាន់កាប់ជាយូរមកហើយ ក្នុងកិច្ចប្រឹងប្រែងបន្តវាយលុកទៅមុខ​នៅក្នុងតំបន់ Donetsk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក Valery Gerasimov បានប្រកាសពីការដណ្តើមបានទីក្រុងខាងលើ ក្នុងរបាយការណ៍ស្តីពីការប្រព្រឹត្តទៅ​នៃសង្រ្គាមនៅអ៊ុយក្រែន ដែលឥឡូវកំពុងស្ថិតក្នុងឆ្នាំទី៥ហើយ។ លោក Gerasimov បាននិយាយថា ក្រុមខាងត្បូងនៃកងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តប្រតិបត្តិការវាយលុក ដើម្បីវាយយកតំបន់ Donetsk ទាំងមូល។ តំបន់នេះជាផ្នែកនៃតំបន់រួមហៅថា Donbas ដែលរុស្ស៉ីបានប្តេជ្ញាគ្រប់គ្រង​ឱ្យបានទាំងស្រុង ហើយវាជាគោលដៅចម្បងបំផុតមួយនៃកិច្ចប្រឹងប្រែងសង្រ្គាមរបស់ខ្លួន។ ទីក្រុង Kostiantynivka ដែលរុស្ស៉ីអះអាងយកបាន គឺស្ថិតក្នុងចំំណោមទីក្រុងសំខាន់មួយចំនួន ដែលត្រូវបានចាត់ទុកជាខ្សែក្រវាត់ការពាររបស់អ៊ុយក្រែន នៅតំបន់ភាគខាងកើត។

ខាងអ៊ុយក្រែនមិនទាន់ឃើញធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការអះអាងរបស់រុស្ស៉ីនៅឡើយទេ។ កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចប្រឹងប្រែងវាយលុកទៅមុខរបស់រុស្ស៉ីនៅភាគខាងកើតអ៊ុយក្រែន បានថយចុះសន្ទុះជាខ្លាំង ចាប់តាំងពីដើមឆ្នាំនេះ ហើយកងកម្លាំងអ៊ុយក្រែន ថែមទាំងដណ្តើមបានទឹកដីខ្លះមកវិញទៀតផង។ យ៉ាងណាមិញ លោក ពូទីន បានច្រានចោលការអះអាងរបស់ទីក្រុងកៀវថា ជាព័ត៌មានឃោសនា ដើម្បីកុហកពីភាពជោគជ័យលើសមរភូមិ។

គួរបញ្ជាក់ថា កាលពីខែមិថុនា លោក ហ្សេលេនស្គី បានផ្ញើលិខិតចំហមួយទៅកាន់លោក ពូទីន ដើម្បីស្វែងរកការជួបចរចាគ្នាដោយផ្ទាល់ ប៉ុន្តែលោក ពូទីន បានបដិសេធសំណើនោះ។ កិច្ចប្រឹងប្រែងដោយសហរដ្ឋអាមេរិក ដើម្បីព្យាយាមជំរុញភាគីទាំងពីរ ឆ្ពោះទៅរកសន្តិភាព បានជាប់គាំង អំឡុងជម្លោះនៅអ៉ីរ៉ង់ ប៉ុន្តែទីក្រុងមូស្គូនិងទីក្រុងកៀវ បាននិយាយថា ពួកគេកំពុងរង់ចាំការធ្វើទស្សនកិច្ចក្នុងពេលឆាប់ៗ ដោយក្រុមបេសកជនជាន់ខ្ពស់២រូបរបស់អាមេរិក គឺលោក Steve Witkoff និង លោក Jared Kushner៕