អាមេរិកធ្លាប់ពឹងសម្ព័ន្ធមិត្តឱ្យប្រាប់អ៊ីរ៉ង់ជាសម្ងាត់ អំពីផែនការលួចធ្វើឃាតអ្នកចរចាពីសំណាក់អ៊ីស្រាអែល (Video inside)
03-07-2026 20:00
(ឌូបៃ)៖ សហរដ្ឋអាមេរិក ធ្លាប់បានស្នើសុំឱ្យប្រទេសនៅតំបន់មជ្ឈិមបូព៌ា ផ្តល់ការព្រមានជាសម្ងាត់ទៅកាន់អ៊ីរ៉ង់ថា អ៊ីស្រាអែល អាចនឹងមានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អ៊ីរ៉ង់ចំនួនពីររូប ក្នុងអំឡុងពេលកិច្ចចរចាបទឈប់បាញ់ដ៏រសើបកាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times។
ទីក្រុងវ៉ាស៊ីនតោន បារម្ភយ៉ាងខ្លាំងថា ការប៉ុនប៉ងធ្វើឃាតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araghchi) និងប្រធានសភា លោក ម៉ូហាំម៉ាត់ បាឃើ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) អាចនឹងបំផ្លាញកិច្ចចរចាសន្តិភាពបណ្តោះអាសន្ន និងធ្វើឱ្យសង្គ្រាមផ្ទុះឡើងវិញ។ ការព្រមាននេះបង្ហាញឱ្យឃើញពីភាពខ្វែងគំនិតគ្នារវាងអាមេរិក និងអ៊ីស្រាអែល ដោយអាមេរិកចង់បានសន្តិភាពតាមការចរចា ឯអ៊ីស្រាអែលចង់ផ្លាស់ប្តូររបប និងកម្ទេចមេដឹកនាំទីក្រុងតេហេរ៉ង់។
មន្ត្រីអាមេរិកបញ្ជាក់ថា នៅពេលការចរចាចាប់ផ្តើមនៅខែមេសា អាមេរិកសន្និដ្ឋានថារាល់ការប៉ុនប៉ងធ្វើឃាតអ្នកចរចាទាំងពីររូប នឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងស្រុង។ ជាការឆ្លើយតប អ៊ីរ៉ង់បានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយទាមទារការធានាសុវត្ថិភាពតាមរយៈអ្នកសម្របសម្រួល មុនពេលទៅចូលរួមជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) នៅប៉ាគីស្ថាន។ យោងតាមមន្ត្រីអ៊ីរ៉ង់ យន្តហោះចម្បាំងប៉ាគីស្ថានបានហោះហើរអមការពារប្រតិភូអ៊ីរ៉ង់ ពេលឆ្លងកាត់ដែនអាកាសខ្លួន ហើយយន្តហោះរបស់លោក ហ្កាលីបាហ្វ ត្រូវបង្វែរទិសដៅហោះហើរ ក្រោយមានការព្រមានពីវត្តមានយន្តហោះចម្បាំងអ៊ីស្រាអែល។
គួរបញ្ជាក់ថា ទោះបីជាមានការគំរាមកំហែងក្តី មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទាំងពីររូបនៅតែបន្តចូលរួមកិច្ចចរចា រហូតអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងក្របខណ្ឌបឋមកាលពីខែមិថុនា ទោះបីជាមន្ត្រីអ៊ីស្រាអែលបានចេញមុខជំទាស់នឹងកិច្ចព្រមព្រៀងនេះក៏ដោយ៕

