FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO នៅតួកគីយ៉េ រួចបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី

03-07-2026 16:45

(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានឱ្យដឹងនាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ថាលោកប្រធានាធិបតី Lee Jae Myung នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Wi Sung-lac ប្រាប់សន្និសីទសារព័ត៌មាន លោក Lee មានបំណងកសាងឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង ជាមួយប្រទេសសមាជិកណាតូ។ លោក Lee ក៏នឹងចូលរួមវេទិការឧស្សាហកម្មការពារជាតិណាតូ និងថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំណាតូផងដែរ។

តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីស្ថិតក្នុងប្រទេសតួកគីយ៉េ រយៈពេល ២ថ្ងៃ លោក Lee នឹងបន្តទៅកាន់រដ្ឋធានី Ulaanbaatar នៅថ្ងៃទី៩ ខែកក្កដា តបតាមការអញ្ជើញពីប្រធានាធិបតីម៉ុងហ្គោលី លោក Khurelsukh Ukhnaa។

លោក Wi និយាយថា កូរ៉េខាងត្បូង ចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់ ដោយសារធនធានបម្រុងរ៉ែសំខាន់ៗ និងជាប្រទេសជិតខាង ដែលអាចរួមចំណែកដល់សន្តិភាព នៅលើឧបទ្វីបកូរ៉េ តាមរយៈទំនាក់ទំនងជិតស្និទ្ធរបស់ម៉ុងហ្គោលី ជាមួយកូរ៉េខាងជើង៕