ឥណ្ឌា និងជប៉ុន ចុះកិច្ចព្រមព្រៀងលើវិស័យ AI និងការពារជាតិ ក្នុងជំនួបមេដឹកនាំនៅញូវដេលី
02-07-2026 20:46
(ញូវដេលី)៖ ប្រទេសឥណ្ឌា និងជប៉ុន នៅថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI) លោហៈធាតុ ថាមពល និងការពារជាតិ ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចរវាងមហាអំណាចអាស៊ីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ (Sanae Takaichi) មកកាន់ទីក្រុងញូវដេលី (New Delhi) ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ លោក ម៉ូឌី បានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាសុក្រឹតរបស់ជប៉ុន និងសមត្ថភាពសូហ្វវែរ (Software) របស់ឥណ្ឌា នឹងជួយជំរុញការអភិវឌ្ឍវិស័យ AI សកលយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីវិស័យបច្ចេកវិទ្យា មេដឹកនាំទាំងពីរក៏បានប្រកាសពីកិច្ចព្រមព្រៀងអភិវឌ្ឍរួមគ្នាជាលើកដំបូងក្នុងវិស័យការពារជាតិផងដែរ ខណៈដែលប្រទេសទាំងពីរគឺជាសមាជិកដ៏សំខាន់នៃក្រុមសម្ព័ន្ធភាព Quad ដែលមានគោលដៅទប់ទល់នឹងឥទ្ធិពលចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រី តាកាអ៊ីឈិ បានបញ្ជាក់ថា ការកសាងទំនាក់ទំនងសហប្រតិបត្តិការដែលបំពេញឱ្យគ្នាទៅវិញទៅមក គឺជារឿងសំខាន់បំផុតចំពេលដែលទិដ្ឋភាពអន្តរជាតិកំពុងមានភាពច្របូកច្របល់។
គួររំលឹកថា ជប៉ុនគឺជាអ្នកវិនិយោគដ៏ធំបំផុតមួយនៅឥណ្ឌា ដោយកាលពីឆ្នាំមុន ជប៉ុនបានសន្យាបង្កើនការវិនិយោគទ្វេដងរហូតដល់ជាង ៦១ពាន់លានដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ដោយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវរថភ្លើងល្បឿនលឿនជាដើម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦៕
