ចិនទទូចឱ្យអាមេរិកចាត់ចែងបញ្ហាតៃវ៉ាន់ «ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត»
01-07-2026 22:57
(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»។ ការអំពាវនាវនេះធ្វើឡើងកំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃអង្គារ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃពុធ និងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសេចក្តីសង្ខេបផ្លូវការរបស់ចិន លោក វ៉ាង យី បានសង្កត់ធ្ងន់ថា «ចលនាបន្តិចបន្តួចជុំវិញបញ្ហាតៃវ៉ាន់ អាចជះឥទ្ធិពលដល់ស្ថានការណ៍ទាំងមូល»។ លោកបានបន្ថែមថា ចិន និងអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីគ្រប់គ្រងរាល់ហានិភ័យទាំងអស់ដែលអាចកើតមាន។ ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិកមិនទាន់មានការឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ។
ការសន្ទនានេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលខែឧសភា ដែលក្នុងនោះលោក ស៊ី ធ្លាប់បានព្រមានលោក ត្រាំ ថា ការចាត់ចែងមិនបានល្អនូវភាពខ្វែងគំនិតគ្នាលើបញ្ហាតៃវ៉ាន់ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ចូលទៅកាន់ «ចំណុចដ៏គ្រោះថ្នាក់បំផុត»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងតែងតែចាត់ទុកកោះប្រជាធិបតេយ្យមួយនេះថាជាទឹកដីរបស់ខ្លួន ហើយមិនដែលច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមគ្រប់គ្រងនោះឡើយ។ ផ្ទុយទៅវិញ ទីក្រុងតៃប៉ិ បានទាត់ចោលការអះអាងនេះ ខណៈសហរដ្ឋអាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់តៃវ៉ាន់៕
