FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញ៖ មនុសជាង ១០០០នាក់បាត់បង់ជីវិត ក្នុងខែមិថុនា ពាក់ព័ន្ធអាកាសធាតុក្តៅខ្លាំង (Video inside)

01-07-2026 15:52

(ម៉ាឌ្រីដ)៖ វិទ្យាស្ថានសុខភាពសាធារណៈ Carlos III នៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថា មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងរលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប ខណៈដែលប្រទេសនេះបានចាត់ថ្នាក់រយៈពេល ៦ខែឆ្នាំនេះ ថាជាពេលវេលាក្តៅបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦។

តាមទីភ្នាក់ងារឧតុនិយមជាតិ Aemet របស់អេស្ប៉ាញ តួលេខនេះគឺច្រើនជាងទ្វេដងនៃចំនួនអ្នកស្លាប់ ៤០៧នាក់ ដែលត្រូវបានសន្មត់ថាពាក់ព័ន្ធនឹងរលកកម្តៅខែមិថុនា ឆ្នាំ ២០២៥ ដែលជាខែដ៏ក្តៅបំផុតចាប់តាំងពីអេស្ប៉ាញបានកត់ត្រាទុក។ រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ សីតុណ្ហភាពកើនលើសពីកម្រិតធម្មតាជាមធ្យម ១,៦អង្សាសេ។ ខែមិថុនា ឆ្នាំ២០២៦ បានក្លាយជាខែមិថុនាដែលក្តៅបំផុតទីពីរ ដោយមានសីតុណ្ហភាពជាមធ្យម ៣,២អង្សាសេលើសពីបទដ្ឋាន។

គួរបញ្ជាក់ថា កំណត់ត្រាសីតុណ្ហភាពខ្ពស់គ្រប់ពេល ត្រូវបានបំបែកនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ស្លូវ៉ាគី និងហុងគ្រី ក៏ដូចជាសម្រាប់ខែមិថុនានៅចក្រភពអង់គ្លេស និងស្វីស។ អ្នកវិទ្យាសាស្រ្តនិយាយថា រលកកម្ដៅដែលមានឥទ្ធិពលចាប់ពីចុងខែមិថុនា គឺជារលកកម្ដៅដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាននៅអឺរ៉ុប ហើយវាស្ទើរតែមិនអាចកើតឡើងទេក្នុងខែមិថុនា ប្រសិនបើគ្មានបម្រែបម្រួលអាកាសធាតុ៕