FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកោះតៃវ៉ាន់ ប្រាប់និស្សិតយោធាកុំឱ្យធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ចិន (Video inside)

30-06-2026 13:27

(តៃប៉ិ)៖ នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន ហើយរួមគ្នាការពារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងអំឡុងពិធីបញ្ចប់ការសិក្សានៅឯសាលាយោធា Fu Hsing Kang ស្ថិតនៅជាយទីក្រុងតៃប៉ិ លោក Lai Ching-te បានលើកឡើងថា កិត្តិយសរបស់ទាហានម្នាក់ គឺអាស្រ័យទៅលើភាពស្មោះស្ម័គ្រ។ លោក Lai បាននិយាយយ៉ាងដូច្នេះថា «នៅចំពោះមុខការគំរាមកំហែងនិងបញ្ហាប្រឈមគ្រប់ប្រភេទ ព្រមទាំងការលបចូលលុកលុយ បំបែកបំបាក់ ធ្វើវិច្ឆេទកម្ម រួមជាមួយ​សកម្មភាពចារកម្មរបស់ចិន ដែលមានគោលដៅលើកងកម្លាំងប្រដាប់អាវុធរបស់យើង ខ្ញុំស្នើឱ្យអ្នកទាំងអស់គ្នាបែងចែកឱ្យច្បាស់​រវាងមិត្តនិងសត្រូវ»

មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្តថា «មានតែទប់ទល់ជម្នះការគំរាមកំហែងនិងអូសទាញគ្រប់ទម្រង់នោះទេ ទើបពួកយើងអាចការពារអធិបតេយ្យ​ និងសន្តិសុខរបស់ជាតិយើងបាន»។ លោកបានអំពាវនាវឱ្យនិស្សិតយោធាបញ្ចប់ការសិក្សាទាំងនោះ ប្រឆាំងរបបកុម្មុយនីស្ត ការពារប្រឆាំងការលួចលបជ្រាតចូលពីចិន ហើយប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យនិងសេរីភាព។ លោក Lai ក៏បានទទូចដែរថា រវាងតៃវ៉ាន់និងចិន គឺពុំមាននរណាជាចំណុះរបស់នរណាឡើយ។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាតំបន់មួយប៉ុណ្ណោះនៃទឹកដីរបស់ខ្លួន។ ភាគីទាំងពីរជាយូរមកហើយបានលួច​ស៉ើបការណ៍គ្នាទៅវិញទៅមក ខណៈទីក្រុងតៃប៉ិ បានកត់សម្គាល់អំពីការកើនឡើងនៃករណីចារកម្មរបស់ចិន ជាពិសេសនៅក្នុង​ជួរយោធារបស់ខ្លួន៕