FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការខ្វះខាតប្រេងឥន្ធនៈរាលដាលពាសពេញប្រទេសរុស្ស៊ី ដោយសារការវាយប្រហាររបស់អ៊ុយក្រែន (Video inside)

29-06-2026 21:40

(ម៉ូស្គូ)៖ ការវាយប្រហារពីសំណាក់ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ (Crimea) ទៅកាន់តំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ ដែលពីមុនមិនធ្លាប់រងផលប៉ះពាល់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន អ្នកបើកបរស្ទើរតែទូទាំងប្រទេសរុស្ស៊ី ត្រូវបានដាក់កំហិតលើបរិមាណប្រេងដែលពួកគេអាចទិញបាន ជាពិសេសការរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងតំបន់កាន់កាប់នៅអ៊ុយក្រែន ភាគខាងត្បូងរុស្ស៊ី និងតំបន់ស៊ីបេរី (Siberia)។ មានតែទីក្រុងមូស្គូ និងតំបន់ដាច់ស្រយាលមួយចំនួនប៉ុណ្ណោះដែលមិនមានការរឹតបន្តឹងជាផ្លូវការ ប៉ុន្តែទោះជាយ៉ាងណា ស្ថានីយប្រេងឥន្ធនៈជាច្រើនក្នុងរដ្ឋធានីត្រូវបានបិទទ្វារ ខណៈកន្លែងខ្លះមានមនុស្សតម្រង់ជួររង់ចាំយ៉ាងវែង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ពិតជាបានបង្កឱ្យមានការខ្វះខាតប្រេងនៅតំបន់មួយចំនួនមែន ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះ។

នៅតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់យកកាលពីឆ្នាំ២០១៤ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីកាត់ផ្តាច់កម្លាំងយោធារុស្ស៊ី។ អាជ្ញាធរនៅទីនោះបានផ្អាកការលក់ប្រេងដល់រថយន្តឯកជន និងកាត់បន្ថយម៉ោងប្រតិបត្តិការសេវាសាធារណៈ។

ការខ្វះខាតនេះក៏បានរាលដាលដល់ទីក្រុង Rostov-on-Don នៅភាគខាងត្បូងរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែនផងដែរ ដោយស្ថានីយប្រេងជាច្រើនបានបិទស្លាកសញ្ញា «គ្មានប្រេងលក់» ដែលធ្វើឱ្យប្រជាពលរដ្ឋដូចជាអ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ ត្រូវបង្ខំចិត្តឈប់ធ្វើការងារដោយសារគ្មានសាំងចាក់។ ចំណែកឯនៅទីក្រុងមូស្គូ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងមួយកន្លែងត្រូវបានអ៊ុយក្រែនបាញ់កម្ទេចកាលពីសប្តាហ៍មុន តម្លៃប្រេងនៅស្ថានីយឯកជនមួយចំនួនបានកើនឡើងជាង ១០ភាគរយ ទោះបីជាស្ថានីយរបស់រដ្ឋព្យាយាមរក្សាតម្លៃឱ្យនៅដដែលក៏ដោយ៕