វិមានក្រឹមឡាំងអះអាងថា ជំហររបស់រុស្ស៊ីលើលក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន នៅតែមិនប្រែប្រួលតាំងពីឆ្នាំ២០២៤
29-06-2026 20:43
(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទ បានបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយជុំវិញលក្ខខណ្ឌដែលចាំបាច់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីឆ្នាំ២០២៤ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លក្ខខណ្ឌទាំងនោះទាមទារឱ្យកងកម្លាំងទីក្រុងកៀវ ដកចេញពីតំបន់ទាំង ៤ នោះគឺ តំបន់ដូណេត (Donetsk) លូហាន (Luhansk) ខឺសុន (Kherson) និងសាផូរីហ្ស៊ីយ៉ា (Zaporizhzhia) ដែលទីក្រុងមូស្គូ ចាត់ទុកថាជារបស់ខ្លួន និងត្រូវបោះបង់ចោលផែនការចូលជាសមាជិកអង្គការណាតូជាសាធារណៈ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីចុងសប្តាហ៍ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តជំរុញគោលដៅសមរភូមិរបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ទាំង ៤ នោះឱ្យបានទាំងស្រុង ដោយបានទាត់ចោលសំណើថ្មីរបស់អ៊ុយក្រែន ដែលស្នើឱ្យបញ្ឈប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ និងកំណត់ការប្រយុទ្ធគ្នាត្រឹមតែក្នុងតំបន់ទាំង ៤ ខាងលើ។
ជុំវិញការលើកឡើងរបស់លោក ពូទីន ការិយាល័យប្រធានាធិបតីអ៊ុយក្រែន មិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា៖ «ជំហររបស់យើងត្រូវបានគេដឹងយ៉ាងច្បាស់ ហើយវាមិនមានការប្រែប្រួលទេ។ វាត្រូវបានប្រកាសកាលពីពីរឆ្នាំមុនដោយប្រមុខរដ្ឋរបស់យើង ហើយទាំងរបបទីក្រុងកៀវ និងក្រុមអ្នកចរចាអាមេរិក ក៏បានដឹងពីជំហរដ៏រឹងមាំនេះច្បាស់ណាស់ដែរ»។
ទន្ទឹមនឹងនេះ លោក ប៉េសកូវ ក៏បានឱ្យដឹងដែរថា លោក ពូទីន បានជួបពិភាក្សាពីបញ្ហាសង្គ្រាមនេះជាមួយប្រធានាធិបតីបេឡារុស្ស មុនពេលមេដឹកនាំបេឡារុស្សធ្វើដំណើរទៅកាន់ប្រទេសចិន៕
