ចិន បញ្ចូលបន្ថែមក្រុមហ៊ុនជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីខ្មៅ (Video inside)
29-06-2026 10:35
(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាចិនបានបញ្ចូលក្រុមហ៊ុន ឬអង្គភាពរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅដែលមានគោលបំណង ហាមឃាត់មិនឱ្យក្រុមហ៊ុនចិននាំចេញ ឬលក់ទំនិញដែលប្រើប្រាស់បានទាំងយោធា និងស៊ីវិលទៅឱ្យពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «ដើម្បីបុព្វហេតុនៃការការពារសន្តិសុខជាតិ ផលប្រយោជន៍ ព្រមទាំងការអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ក្នុងនោះរួមមាន ទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ចិនបានសម្រេចចិត្តបញ្ចូលក្រុមហ៊ុន ឬអង្គភាពចំនួន២០របស់ជប៉ុនដែលបានចូលរួមក្នុងការជួយពង្រឹងសមត្ថភាពយោធារបស់ជប៉ុនទៅក្នុងបញ្ជីខ្មៅ នៃការគ្រប់គ្រងរឹតត្បិតការនាំចេញ»។
តាមក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុន ឬអង្គភាពជប៉ុនដែលត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមានក្នុងនោះរួមមានទាំងវិទ្យាស្ថានសម្រាប់ការសិក្សាពីវិស័យការពារជាតិ (National Institute for Defense Studies) ព្រមទាំងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mitsubishi, Komatsu និង Fujitsu ជាដើម។
ការបញ្ចូលក្រុមហ៊ុនជប៉ុនទៅក្នុងបញ្ជីខ្មៅនេះទៀតសោតត្រូវបានប៉េកាំងបញ្ជាក់ថាធ្វើឡើងដើម្បីរារាំងមិនឱ្យក្រុមហ៊ុនចិនលក់ ឬនាំចេញទំនិញដែលប្រើប្រាស់បានទាំងយោធា និងស៊ីវិល ដោយមិនមានការអនុញ្ញាតជាមុន ដ្បិតជប៉ុនមានមហិច្ឆតាស្ដារយោធានិយមឡើងវិញ៕



