ចិនស៉ើបអង្កេតករណីយន្តហោះខ្នាតតូចមួយគ្រឿង ហោះបុកអគារខ្ពស់បំផុតក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឱ្យអ្នកបើកស្លាប់ និងមនុស្ស១៣នាក់ផ្សេងទៀតរបួស (Video inside)

28-06-2026 12:27

(ប៉េកាំង)៖ យន្តហោះខ្នាតតូច១គ្រឿង បានហោះទៅបុកអគារមានកម្ពស់ខ្ពស់ជាងគេប្រចាំរដ្ឋធានីប៉េកាំងនៃប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកម្នាក់បាត់បង់ជីវិត ហើយមនុស្ស១៣នាក់ផ្សេងទៀត ដែលមិនស្ថិតនៅលើយន្តហោះ បានទទួលរងរបួស ក្នុងឧប្បត្តិហេតុកម្រមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍័ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។

កាលពីថ្ងៃសៅរ៍ រដ្ឋបាលតំបន់ Chaoyang នៃទីក្រុងប៉េកាំង បានឱ្យដឹងថា អ្នកទាំងប៉ុន្មានដែលរងរបួស កំពុងទទួលការព្យាបាល ហើយអាជ្ញាធរពាក់ព័ន្ធកំពុង​ស៉ើបអង្កេតឧប្បត្តិហេតុនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលតំបន់ Chaoyang យន្តហោះខ្នាតតូច១គ្រឿង អាចជិះបាន២នាក់ បានហោះទៅបុក​អគារខ្ពស់មួយកន្លែង ពេលកំពុងហោះក្បែរផ្នែកខាងកើតនៃផ្លូវក្រវាត់ក្រុងទី៣ ក្នុងតំបន់ Chaoyang កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៦ ខែមិថុនា។ នៅលើ​យន្តហោះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ គឺអ្នកបើកបរ ដែលបានបាត់បង់ជីវិត។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ ពុំបានផ្តល់ព័ត៌មានលម្អិតជាងនេះទៀតទេ។

គួរបញ្ជាក់ថា អគារដែលត្រូវយន្តហោះបុក គឺជាអគារមួយកម្ពស់៥២៨ម៉ែត្រ ត្រូវគេស្គាល់ថាជា អគារ CITIC Tower ឬ China Zun ដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្ម​កណ្តាលទីក្រុងប៉េកាំង ចម្ងាយប្រហែល៦គីឡូម៉ែត្រ ពីតំបន់រាជវាំងបុរាណចិន Forbidden City ដែលមានភ្ញៀវទេសចរទស្សនារាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ ហើយវា​ក៏ស្ថិតនៅក្បែរតំបន់ Zhongnanhai ផងដែរ ជាទីកន្លែងប្រមូលផ្តុំការិយាល័យរបស់ថ្នាក់ដឹកនាំនយោបាយកំពូលនៃប្រទេសចិន។

លើកចុងក្រោយដែលមានករណីគ្រោះថ្នាក់យន្តហោះកន្លងមកនៅទីក្រុងប៉េកាំង គឺកាលពីឆ្នាំ២០២២ នៅពេលឧទ្ធម្ភាគចក្រទេសចរណ៍១គ្រឿង បានធ្លាក់អំឡុង​ពេលធ្វើដំណើររវាងតំបន់ Changping និង Fangshan ដែលបានផ្តាច់ជីវិតអ្នកបើកបរ២នាក់៕