បារាំង ពិចារណាចាត់វិធានការ បន្ទាប់ពីប្រទេសប៊ូគីណាហ្វាសូ កាត់ផ្តាច់ទំនាក់ទំនង
27-06-2026 20:01
(ប៉ារីស)៖ ប្រទេសបារាំង បានឱ្យដឹងថា ខ្លួនកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប្រទេសប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៧។
ប៊ូគីណាហ្វាសូ ថាទំនាក់ទំនងជាមួយបារាំងដែលជាអតីតប្រទេសអាណានិគមរបស់ខ្លួន គឺកាន់តែអាក្រក់ទៅៗអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជុំវិញបញ្ហាសន្តិសុខ អធិបតេយ្យភាព និងការជ្រៀតជ្រែកពីបរទេស។
ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ថា បារាំងមានការសោកស្តាយចំពោះការសម្រេចចិត្តដ៏អរិភាព និងគ្មានមូលដ្ឋានច្បាស់លាស់នេះ។ ក្រសួងបានជំរុញឱ្យជនជាតិបារាំងនៅប៊ូគីណាហ្វាសូ មានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថា ប៊ូគីណាហ្វាសូ បាននិងកំពុងប្រយុទ្ធប្រឆាំងការបះបោរដោយក្រុម ISIS ដែលរីករាលដាលពីប្រទេសម៉ាលី ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅក្នុងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងប៊ូគីណាហ្វាសូ លោក Gilbert Ouedraogo និយាយថា ការសម្រេចចិត្តនេះចូលជាធរមានកាលពីថ្ងៃសុក្រ ហើយចោទប្រកាន់បារាំងថាបានគាំទ្របណ្តាញវិទ្ធង្សនា និងពួកភេរវករ ដែលជាការចោទប្រកាន់ត្រូវបានបារាំងបដិសេធកន្លងមក៕
