UPDATE: អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់ ៩២០នាក់ រាប់ម៉ឺននាក់បាត់ខ្លួន (Video inside)
27-06-2026 09:32
(ការ៉ាកាស)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដី២លើកវាយប្រហារលើវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៩២០នាក់ហើយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្រ្គោះដោយមានជំនួយគាំទ្រពីអន្តរជាតិកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានប្រាប់ AFP ថាមនុស្សជាង ៥០ ០០០នាក់បាន និងកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២លើកបានវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធសប្ដាហ៍នេះ បណ្ដាលឱ្យអគារជាច្រើនបាក់រលំនៅភាគខាងជើងនៃប្រទេស។ តំបន់ La Guaira ដែលស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានអគារជាច្រើនបានបាក់រលំ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,២ និង៧,៥រ៉ិចទ័រ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាវិញបានឱ្យដឹងថាមនុស្ស ១៧២នាក់កំពុងជាប់នៅក្រោមគំនរអគារដែលបានបាក់រលំ ៩២០នាក់បានស្លាប់ និង ៣៣៦០នាក់បានរងរបួស។ កាលពីថ្ងៃសុក្រ រញ្ជួយដីកម្រិត ៤,៩រ៉ិចទ័របានកើតឡើងជាថ្មី ដោយបង្ករំញ័រដល់រដ្ឋធានីការ៉ាកាស និងទីក្រុង Maracay។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ក្រុមអ្នកជួយសង្រ្គោះ និងស្វែងរកមកពីបណ្ដាប្រទេសយ៉ាងហោច ១៧ បានកំពុងជួយជាកម្លាំងដល់អាជ្ញាធរវ៉េណេស៊ុយអេឡាដើម្បីតាមស្វែងរក អ្នកដែលអាចនៅរស់រានមានជីវិត។ ក្នុងនោះដែរ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយ ១៥០លានដុល្លារ ព្រមទាំងបន្ធូរបន្ថយទណ្ឌកម្ម ខណៈយោធាអាមេរិកបានបញ្ជូននាវា២គ្រឿង និងឧទ្ធម្ភាគចក្រ ព្រមទាំងយន្ដហោះទៅគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ៕









