FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តួលេខអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនដល់ជិត ៦០០នាក់ ខណៈមនុស្សជិត ៥ម៉ឺននាក់កំពុងបាត់ខ្លួន

26-06-2026 21:52

(ការ៉ាកាស)៖ ប្រធានាធិបតីស្តីទីប្រទេសវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្កេស (Delcy Rodriguez) បានប្រកាសនៅថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ផ្លូវការដោយសារគ្រោះរញ្ជួយដីផ្ទួនៗគ្នា បានកើនឡើងទ្វេដងរហូតដល់ ៥៨៩នាក់ ធៀបនឹងតួលេខមុនដែលមានត្រឹមតែ ២៣៥នាក់ ខណៈក្រុមសង្គ្រោះកំពុងប្រណាំងប្រជែងជាមួយពេលវេលា ដើម្បីរុករកអ្នកដែលកប់នៅក្រោមគំនរបាក់បែក។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយប់ទាំងថ្ងៃដោយប្រើប្រាស់ដៃទទេ និងពិលបំភ្លឺក្នុងតំបន់ដាច់ភ្លើង ដើម្បីរុករកជនរងគ្រោះ ខណៈក្រុមសង្គ្រោះអន្តរជាតិក៏កំពុងធ្វើដំណើរមកដល់ជាបន្តបន្ទាប់។

ក្តីបារម្ភកាន់តែធំធេងឡើង នៅពេលគេហទំព័រតាមដានជនបាត់ខ្លួនមួយ បានរាយការណ៍ថាមានមនុស្សដល់ទៅ ៤៩,៥០០នាក់ កំពុងបាត់ខ្លួន ខណៈទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) ព្យាករណ៍ថា ចំនួនអ្នកស្លាប់អាចនឹងហក់ឡើងដល់ជាង ១ម៉ឺននាក់។ ក្រសួងការបរទេសអេស្ប៉ាញក៏បានបញ្ជាក់ដែរថា ពលរដ្ឋខ្លួន ២នាក់បានស្លាប់ និង ៨០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។

សោកនាដកម្មនេះបានបន្ថែមទុក្ខវេទនាទ្វេដងដល់ប្រជាជនវេណេស៊ុយអេឡា ដែលកំពុងហែលឆ្លងវិបត្តិសេដ្ឋកិច្ច និងនយោបាយរ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍មកហើយ ដោយពលរដ្ឋជាច្រើនដែលរស់នៅក្នុងសំណង់មិនរឹងមាំតាមចង្កេះភ្នំ ត្រូវបាត់បង់ទីជម្រក និងទ្រព្យសម្បត្តិទាំងស្រុង៕