FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតស្ត្រីទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ៧ឆ្នាំ ពីបទស៊ីសំណូក (Video inside)

26-06-2026 15:37

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានផ្ដន្ទាទោសអតីតស្ត្រីទី១ លោកស្រី Kim Keon Hee ដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ ពីបទពុករលួយរួចទៅហើយនោះ ដាក់ពន្ធនាគារ ៧ឆ្នាំលើបទចោទក្នុងសំណុំរឿងពាក់ព័ន្ធនឹងការទទួលសំណូក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការប្រកាសសាលក្រម តុលាការបានឱ្យដឹងថាលោកស្រី Kim Keon Hee មានអាយុ៥៣ឆ្នាំត្រូវបានរកឃើញថាមានពិរុទ្ធលើបទចោទថាបានទទួលសំណូកជាថ្នូរទៅនឹង ការធ្វើអន្តរាគមន៍តែងតាំងតំណែងមន្ត្រីក្នុងជួររដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលជាស្វាមីរបស់លោកស្រី។

តុលាការក៏បានបញ្ជាក់ដែរថាលោកស្រី Kim បានទទួលយកអំណោយជាសំណូកដោយគ្មានការស្ទាក់ស្ទើរឡើយ ហើយដែលអំណោយជាសំណូកទាំងនោះមានតម្លៃថ្លៃដែល ពលរដ្ឋសាមញ្ញមិនមានលទ្ធភាពទិញនោះទេក្នុងមួយជីវិតរបស់ពួកគេ។ លោកស្រី Kim កំពុងអនុវត្តជាប់ឃុំក្នុងពន្ធនាគាររយៈពេល៤ឆ្នាំរួចទៅហើយពីបទក្រឡុកផ្សារភាគហ៊ុន និងពុករលួយ។

គួរបញ្ជាក់ថា លោកស្រីត្រូវបានចោទប្រកាន់កាលពីខែធ្នូ ឆ្នាំ២០២៥ លើបទចោទថាបានទទួលយកសំណូកជាគ្រឿងអលង្ការមានតម្លៃសរុបជា ៦៤៧៥០ដុល្លារ ជាថ្នូរទៅនឹង ការធ្វើអន្តរាគមន៍ឱ្យកូនប្រសារប្រុសរបស់ប្រធានក្រុមហ៊ុនសំណង់មួយទទួលបានតំណែងក្នុងរដ្ឋាភិបាល៕