FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដអាវុធដែលអាចគំរាមកំហែងរដ្ឋធានីរបស់កូរ៉េខាងត្បូង (Video inside)

26-06-2026 11:39

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើតេស្ដប្រព័ន្ធកាំភ្លើងធំ និងមីស៊ីលដែលត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម នៅក្នុងអ្វីដែលអ្នកវិភាគម្នាក់បាននិយាយថាជាការបង្ហាញសាច់ដុំកំញើញដាក់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុនបានចុះត្រួតពិនិត្យការធ្វើតេស្ដនៃអាវុធសំខាន់ៗ ដូចជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ និងក្បាលគ្រាប់មួយគ្រាប់សម្រាប់មីស៊ីលបាលិស្ទីគ។ តាម KCNA លោក គីម បានគូសបញ្ជាក់ពីភាពចាំបាច់នៃការអភិវឌ្ឍវិស័យការពារជាតិដើម្បីធានាឱ្យបានថាគ្មានសត្រូវណាមួយហ៊ានប្រឈមមុខជាមួយកូរ៉េខាងជើង។

លោក Yang Moo-jin ជាអ្នកវិភាគម្នាក់ និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ University of North Korean Studies បានប្រាប់ AFP ថាការធ្វើតេស្តប្រព័ន្ធអាវុធរបស់កូរ៉េខាងជើងគឺមានគោលបំណងបង្ហាញសាច់ដុំកំញើញប្រឆាំងនឹងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ ជាក់ស្ដែង KCNA បានលើកឡើងចំៗពីការអភិវឌ្ឍរយៈចម្ងាយបាញ់នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះដល់៩០គីឡូម៉ែត្រដែលរយៈចម្ងាយនេះបើបាញ់ចេញពីតំបន់ព្រំដែនអន្តរកូរ៉េ គឺអាចបាញ់ដល់ទីប្រជុំជាច្រើននៃទីក្រុងសេអ៊ូល ព្រមទាំងការបញ្ជាក់ច្បាស់ពីគោលដៅដែលអាចនឹងស្ថិតក្រោមការវាយប្រហារដូចជាព្រលានយន្ដហោះ កំពង់ផែ និងរោងចក្រថាមពល។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ក្នុងខែមិថុនានេះបាននិយាយថាកូរ៉េខាងជើងនឹងបន្តពង្រឹងសមត្ថភាពយោធា ជាពិសេសគឺកងកម្លាំងនុយក្លេអ៊ែរ ដោយលើកឡើងពីការធ្វើទំនើបកម្មយោធារបស់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើជាហេតុផល។ លោកក៏បានចោទប្រកាន់ផងដែរថាការធ្វើទំនើបកម្មយោធារបស់ប្រទេសទាំង២ កំពុងរុញច្រានតំបន់ឧបទ្វីបកូរ៉េទៅក្បែរមាត់ជ្រោះ នៃសង្រ្គាមនុយក្លេអ៊ែរ៕