FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ាក់ព្រមានចាកចេញពីអង្គការ OPEC ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេង

25-06-2026 22:02

(បាកដាត)៖ ប្រទេសអ៊ីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើស្ថាប័ននេះមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះកើតឡើងចំពេលដែលសេដ្ឋកិច្ចអ៊ីរ៉ាក់កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស ត្រូវជាប់គាំង ខណៈដែលប្រាក់ចំណូលជាតិរបស់អ៊ីរ៉ាក់ពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រេង។ មន្ត្រីជាន់ខ្ពស់ក្រសួងប្រេងអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្ត OPEC ដទៃទៀត ត្រូវតែយកចិត្តទុកដាក់ចំពោះការស្នើសុំបង្កើនកូតារបស់ខ្លួន បើមិនដូច្នោះទេ អ៊ីរ៉ាក់នឹងត្រូវបង្ខំចិត្តពិចារណាលើរាល់ជម្រើសទាំងអស់ រួមទាំងការចាកចេញផងដែរ។

ទោះបីជាយ៉ាងណាក្តី មន្ត្រីរូបនេះបានបញ្ជាក់ថា ការចាកចេញពី OPEC នៅពេលនេះគឺលឿនពេក ហើយបច្ចុប្បន្នអ៊ីរ៉ាក់នៅតែចង់ទាមទារកូតាឱ្យបានខ្ពស់ជាងមុនសិន។ ជាការឆ្លើយតប ក្រសួងប្រេងអ៊ីរ៉ាក់បានចេញមុខបដិសេធជាផ្លូវការថា ព័ត៌មាននៃការចាកចេញនេះមិនមែនជាជំហររបស់រដ្ឋាភិបាលឡើយ។

គួររំលឹកថា អ៊ីរ៉ាក់គឺជាប្រទេសផលិតប្រេងធំទីពីររបស់ OPEC និងជាប្រទេសស្ថាបនិកមួយផងដែរ។ ប្រសិនបើអ៊ីរ៉ាក់ពិតជាចាកចេញមែន វានឹងក្លាយជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទៀតចំពោះអង្គការ OPEC បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ទើបតែបានដកខ្លួនចេញកាលពីជិតពីរខែមុន ខណៈដែលដំណឹងនេះក៏បានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះមកនៅក្រោម ៧៣ដុល្លារក្នុងមួយធុងផងដែរ៕