រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកត់សម្គាល់ថា ថ្នាក់ដឹកនាំថ្មីរបស់មីយ៉ាន់ម៉ា «បើកចំហរច្រើនជាងមុន» ចំពោះសំណើពីអាស៊ាន
25-06-2026 20:12
(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាំម៉ាត់ ហាសាន់ (Mohamad Hasan) នៅថ្ងៃព្រហស្បតិ៍ បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ហាក់បង្ហាញភាព «បើកចំហរច្រើនជាងមុន» ក្នុងការទទួលយកសំណើផ្សេងៗ បើប្រៀបធៀបទៅនឹងរបបមុន ខណៈដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការជាមួយរដ្ឋបាលយោធានៃប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីខែមេសាកន្លងទៅ មេដឹកនាំយោធា លោក មីន អោងឡាំង (Min Aung Hlaing) បានស្បថចូលកាន់តំណែងជាប្រធានាធិបតី និងបានតែងតាំងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីគណបក្សគាំទ្រយោធាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដែលរដ្ឋាភិបាលលោកខាងលិច និងអ្នករិះគន់ចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ ដើម្បីគ្រាន់តែបង្ហាញថាប្រទេសនេះបានវិលត្រឡប់ទៅរកការគ្រប់គ្រងដោយជនស៊ីវិលវិញ។
លោក ម៉ូហាំម៉ាត់ បានជម្រាបសភាម៉ាឡេស៊ីថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក ទីន ម៉ោង ស្វេ (Tin Maung Swe) ក្នុងរដ្ឋធានីណៃពិដោ (Naypyitaw) កាលពីខែមុន ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលជាផែនការសន្តិភាពរបស់អាស៊ាន។ លោកក៏បានលើកឡើងពីបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការដោះលែងអ្នកទោសនយោបាយ និងការដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) របស់មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ លោកបានកត់សម្គាល់ថា ភាគីមីយ៉ាន់ម៉ាលើកនេះ ហាក់ទទួលយកយោបល់បានល្អជាងពេលដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានកាលពីឆ្នាំមុនទៅទៀត។
គួរបញ្ជាក់ថា កន្លងមក ផែនការសន្តិភាព ៥ចំណុចនេះ ត្រូវបានគេមើលឃើញថាបរាជ័យ ដោយសាររបបយោធាមិនព្រមចរចាជាមួយក្រុមប្រឆាំង ដែលខ្លួនចាត់ទុកថាជា «ក្រុមភេរវករ»។ ទោះជាយ៉ាងណា លោក ម៉ូហាំម៉ាត់ បានបញ្ជាក់ថា មេដឹកនាំអាស៊ានបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសទាំងអស់ ស្វែងរកមធ្យោបាយសហការជាមួយមីយ៉ាន់ម៉ាដើម្បីអនុវត្តផែនការនេះ ដោយបើកចំហរចំពោះការកែសម្រួលលក្ខខណ្ឌមួយចំនួន ប្រសិនបើចាំបាច់ និងមានការយល់ព្រមពីមេដឹកនាំអាស៊ានទាំងអស់៕
