ប្រធាន IAEA ថាការត្រួតពិនិត្យនុយក្លេអ៊ែរអ៊ីរ៉ង់នឹងធ្វើឡើងឆាប់ៗ តែតេហេរ៉ង់ទាមទារដកទណ្ឌកម្មសិន
24-06-2026 19:45
(វីយែន)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានប្រកាសនៅថ្ងៃពុធថា ក្រុមការងាររបស់លោកនឹងចុះត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។
ទោះជាយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថា បច្ចុប្បន្នមិនទាន់មានផែនការអនុញ្ញាតឱ្យចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរឡើយ លុះត្រាតែមានកិច្ចព្រមព្រៀងស្ថាពរ និងទាល់តែអាមេរិកចាប់ផ្តើមដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន។ លោកបានរិះគន់ថា ការយកសារព័ត៌មានមកប្រើជាសម្ពាធ គឺជារឿងមិនអាចទទួលយកបាន។
គួររំលឹកថា អ៊ីរ៉ង់មិនបានអនុញ្ញាតឱ្យ IAEA ចូលទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនឡើយ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកកាលពីខែមិថុនា ឆ្នាំមុន។ បច្ចុប្បន្ន បញ្ហាស្នូលក្នុងការចរចាគឺជោគវាសនានៃស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ (ជិតដល់កម្រិតផលិតអាវុធ) ដែល IAEA ប៉ាន់ស្មានថា អ៊ីរ៉ង់នៅសល់ជាង ២០០គីឡូក្រាមដែលលាក់ទុកក្នុងផ្លូវរូងក្រោមដីដ៏មានសុវត្ថិភាព៕

