កិច្ចចរចារវាងលីបង់ និងអ៉ីស្រាអែល បានចាប់ផ្តើមជុំថ្មី ក្រោមស្រមោលនៃកិច្ចព្រមព្រៀងអាមេរិក និងអ៉ីរ៉ង់ (Video inside)
23-06-2026 16:35
(បេរូត)៖ នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លីបង់ កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយទីក្រុងបេរូតប្តេជ្ញា ថានឹងបន្តការចរចាដោយផ្ទាល់ បើទោះបីជាកិច្ចចរចានេះ ហាក់ដូចជាធ្លាក់ចុះសារសំខាន់ ដោយសារតែការសម្រេចចិត្តរបស់អ៉ីរ៉ង់ ដែលចង់ឱ្យលីបង់គឺជាផ្នែកមួយនៃការចរចារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែការចរចារវាងលីបង់ និងអ៉ីស្រាអែល ៤លើកចាប់ពីខែមេសា បានបរាជ័យក្នុងការបង្កើតបទឈប់បាញ់ជាប់លាប់។
ផ្ទុយទៅវិញ ការប្រយុទ្ធគ្នាក្រុមហេសបូឡាលីបង់ ជាមួយអ៉ីស្រាអែល ទើបតែបានថមថយក្នុងសប្តាហ៍នេះ ក្រោយអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកចុះអនុស្សរណៈយោគយល់គ្នា ដែលមានចែងឱ្យបញ្ឈប់ការប្រយុទ្ធទាំងអស់ រួមទាំងនៅលីបង់។
តាមមន្ត្រីលីបង់ម្នាក់ និងមន្ត្រីបរទេសពីរនាក់ កិច្ចព្រមព្រៀងនៃអាមេរិកជាមួយអ៉ីរ៉ង់ ធ្វើឱ្យចុះខ្សោយជំហររបស់លីបង់។ មន្ត្រីលីបង់មិនសូវជឿជាក់ឡើយថា នឹងមានវឌ្ឍនភាពជាក់ស្តែងណាមួយ កើតចេញពីការចរចាដែលអាចអូសបន្លាយរយៈពេល ៣ថ្ងៃ ហើយថាវានៅតែមានបញ្ហាជាមូលដ្ឋាន ជុំវិញភាពដែលគួរឱ្យជឿទុកចិត្តបាន ក្នុងកិច្ចពិភាក្សាទាំងនេះ៕


