អនុប្រធានាធិបតីអាមេរិក និងមន្ត្រីអ៊ីរ៉ង់ ចាប់ផ្តើមការចរចានៅប្រទេសស្វីស ខណៈមានការរាំងស្ទះដោយសារការបិទច្រកសមុទ្រហ័រមូស
21-06-2026 19:18
(បឺហ្គិនស្តុក)៖ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) នៅថ្ងៃអាទិត្យ បានដឹកនាំកិច្ចពិភាក្សានៅឯរមណីយដ្ឋានមួយក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយប្រទេសអ៊ីរ៉ង់។ ប៉ុន្តែដំណើរការការទូតនេះ ត្រូវបានរាំងស្ទះដោយសារអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូសជាថ្មី ដោយចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោនមិនអាចបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន ភាគីទាំងពីរបានយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ និងបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។ ប៉ុន្តែដោយសារតែការប្រយុទ្ធនៅលីបង់ហាក់មិនមានសញ្ញាថមថយ អ៊ីរ៉ង់ក៏បានប្រកាសបិទផ្លូវទឹកនេះម្តងទៀតកាលពីថ្ងៃសៅរ៍។ ទោះបីជាមន្ត្រីអាមេរិកអះអាងថាមាននាវាពាណិជ្ជកម្មចំនួន ៥៥គ្រឿង បានឆ្លងកាត់ទីនោះកាលពីថ្ងៃសៅរ៍ក្តី ប៉ុន្តែទិន្នន័យនាវាចរណ៍បានបង្ហាញថា មិនមាននាវាដឹកប្រេងណាមួយបានឆ្លងកាត់ឡើយ ចាប់តាំងពីអ៊ីរ៉ង់ប្រកាសបិទ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានដកស្រង់សម្តីប្រភពស្និទ្ធនឹងក្រុមអ្នកចរចាថា ច្រកសមុទ្រនេះនឹងមិនត្រូវបានបើកឡើងវិញទេ លុះត្រាតែមានការគោរពបទឈប់បាញ់នៅលីបង់ និងមានការអនុញ្ញាតឱ្យអ៊ីរ៉ង់អាចលក់ប្រេងបានជាមុនសិន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmail Baghaei) បានបញ្ជាក់ថា ជំនួបនៅប្រទេសស្វីស ដែលមានការចូលរួមពីអ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាននេះ នឹងប្រព្រឹត្តទៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ដោយសារតែអាមេរិកមិនអាចធានាបទឈប់បាញ់នៅលីបង់បាន ដូច្នេះការចរចានេះនឹងផ្តោតតែលើការអនុវត្តអនុស្សរណៈប៉ុណ្ណោះ ដោយមិនជជែកពីបញ្ហាស៊ីជម្រៅផ្សេងទៀតសម្រាប់ដំណាក់កាលបន្ទាប់ឡើយ។
ទន្ទឹមនឹងនេះ ទីផ្សារសកលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះតម្លៃប្រេងដែលធ្លាប់បានធ្លាក់ចុះបន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន អាចនឹងហក់ឡើងវិញយ៉ាងខ្លាំងនៅថ្ងៃចន្ទ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់ពិតជាកើតឡើងមែននោះ៕




