អាកាសធាតុនៅអឺរ៉ុប ចាប់ផ្តេីមក្តៅខ្លាំង ជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់នៅបារាំង
20-06-2026 23:00
(ប៉ារីស)៖ រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ការព្រមាននៅទូទាំងប្រទេសអាល្លឺង់ និងផលប៉ះពាល់លើភ្ញៀវទេសចរ ក៏ដូចជាអ្នករស់នៅក្នុងប្រទេសអ៉ីតាលី ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu រៀបចំកិច្ចប្រជុំស្តីពីវិបត្តិ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជាតិ Meteo France ព្រមានថាអាកាសធាតុក្តៅអូសបន្លាយដល់សប្តាហ៍ក្រោយ ជាមួយការប្រដូចទៅលំនាំអាកាសធាតុឆ្នាំ២០២៣ និង ឆ្នាំ២០១៩។
គិតត្រឹមថ្ងៃអាទិត្យ អ្នកព្យាករបាននិយាយថា សីតុណ្ហភាពពី ៣៩ ទៅ ៤០អង្សាសេ នឹងមានឥទ្ធិពលពីភាគនិរតីឆ្លងកាត់តំបន់ប៉ារីស ចូលទៅក្នុងតំបន់ Burgundy ដោយតំបន់ខ្លះអាចឡើងដល់ ៤១អង្សាសេ។ នៅថ្ងៃចន្ទ សីតុណ្ហភាពនឹងឡើងដល់ កំពូលដែលអាចដូចកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។
អាល្លឺម៉ង់ ក៏ប្រឈមនឹងការប្រកាសអាសន្នពីរលកកម្ដៅនៅទូទាំងប្រទេសផងដែរ ដោយសីតុណ្ហភាពឡើងដល់ ៣៨អង្សារសេ។ សេវាកម្មអាកាសធាតុ DWD បានព្រមានថា ការរួមបញ្ចូលគ្នានៃកម្តៅ និងសំណើមអាចបង្កឱ្យមានព្យុះផ្គររន្ទះខ្លាំង។
លើសពីភ្នំ Alps សីតុណ្ហភាពដែលគេរំពឹងថានឹងឡើងដល់ ៣៦ ទៅ ៣៧អង្សាសេ កំពុងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃ និងទេសចរណ៍នៅក្នុងទីក្រុងមួយចំនួនរបស់អ៉ីតាលី។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កជារលកកម្តៅញឹកញាប់ និងក្តៅខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ដែលបង្កើនហានិភ័យនៃភាពអាសន្នផ្នែកសុខភាព និងការរំខានផ្នែកសេដ្ឋកិច្ចអំឡុងរដូវក្តៅ៕
