FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំតៃវ៉ាន់ ថាទីក្រុងតៃប៉ិមិនមែនបង្ករឿងដាក់ចិនទេ ហើយសង្ឃឹមថាកញ្ចប់លក់អាវុធថ្មីពីអាមេរិក អាចអនុម័តឆាប់ៗ (Video inside)

18-06-2026 14:45

(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ មេដឹកនាតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា ការដែលតៃវ៉ាន់ការពារសន្តិសុខរបស់ខ្លួន ហើយបដិសេធទទួលយកការគ្រប់គ្រងរបស់ចិន មិនគួរត្រូវបានមើលឃើញជាទង្វើបង្កហេតុនោះទេ ហើយលោកសង្ឃឹមថា កញ្ចប់លក់អាវុធថ្មីរបស់សហរដ្ឋអាមេរិក អាចត្រូវបានអនុម័តក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ លោក Lai បានគូសបញ្ជាក់ជាថ្មី ពីបំណងរបស់លោក ដើម្បីបើកកិច្ចពិភាក្សា ដែលឈរលើភាពស្មើគ្នានិងការគោរពទៅវិញទៅមក ជាមួយចិន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា តៃវ៉ាន់មានសិទ្ធិដើម្បីការពារផលប្រយោន៍របស់ខ្លួន ហើយមានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចលើជោគវាសនារបស់ពួកគេ។

លោក Lai បានបន្ថែមថា «ការដែលតៃវ៉ាន់ខិតខំព្យាយាមការពារសន្តិសុខជាតិរបស់ខ្លួន រក្សារបៀបរបបរស់នៅតាមលទ្ធិប្រជាតេយ្យសេរី ហើយបដិសេធទទួលយកការបង្រួបបង្រួម និងការគ្រប់គ្រងពីបក្សកុម្មុយនីស្តចិន មិនគួរត្រូវបានមើលឃើញជា ការបង្កហេតុប្រឆាំងចិននោះទេ»។

មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្តថា យោធាចិនកំពុងពង្រីកខ្លួនចូលមកតំបន់ភាគខាងលិចប៉ាស៉ីហ្វិក ហើយការសម្លុតគំរាមនិងបង្ខិតបង្ខំ​ក្នុងទម្រង់ផ្សេងៗ នៅតែបន្តកើនឡើង ដូច្នេះវាច្បាស់ណាស់ថា ចិនទៅវិញទេ ជាកម្លាំងចម្បងដែលកែប្រែស្ថានភាពដើមនៅច្រកសមុទ្រតៃវ៉ាន់ ហើយប៉ះពាល់ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយឡែក លោក Lai ក៏បានលើកឡើងផងដែរថា រូបលោកនៅតែមានក្តីសង្ឃឹមខ្ពស់ថា កញ្ចប់លក់សព្វាវុធថ្មីពីសហរដ្ឋអាមេរិក នឹងអាចត្រូវបានអម័តក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា តៃវ៉ាន់ពឹងផ្អែកខ្លាំងលើការគាំទ្រពីអាមេរិក ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីចិន។ ប៉ុន្តែការលក់អាវុធរបស់ទីក្រុងវ៉ាស៉ីនតោន បានបង្កភាពស្មុគស្មាញ ក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលប្រកាន់ជំហរប្រឆាំងយ៉ាងរឹងមាំ​ជុំវិញរឿងនេះ។

កាលពីខែឧសភា ក្រោយជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនៅកំពុងពិចារណាថា តើគួរអនុម័តកញ្ចប់លក់អាវុធថ្មីសម្រាប់តៃវ៉ាន់ឬក៏យ៉ាងណា ដោយនិយាយថា វាគឺជាឧបករណ៍តថ្លៃដ៏ប្រសើរមួយជាមួយចិន។ ក្រោយមក ក្នុងខែដដែលនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កញ្ចប់សព្វាវុធតម្លៃរហូតដល់១៤ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ កំពុងបន្តស្ថិតក្រោមការត្រួតពិនិត្យ៕