FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនអះអាងថា កិច្ចប្រឹងប្រែងពង្រឹងកម្លាំងយោធារបស់ខ្លួន គឺជួយដល់សន្តិភាពពិភពលោក

16-06-2026 15:18

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចិនបាននិយាយថា កិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍​ចំពោះសន្តិភាពពិភពលោក ដោយថ្កោលទោសរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវមួយនៅឯប្រទេសអូស្រ្តាលី ដែលបានព្រមានការកើនឡើង​នៃការគំរាមកំហែងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

វិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅអូស្រ្តាលី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចេញរបាយការណ៍មួយអះអាងថា ចិនមាន​សមត្ថភាពវាយប្រហារមីស៉ីលដោយផ្ទាល់ ទៅលើប្រទេសអូស្រ្តាលី ហើយការគំរាមកំហែងនេះកំពុងតែកើនឡើង ខណៈទីក្រុងប៉េកាំងបាននិងកំពុងបង្កើនចំនួន​អាវុធចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ហើយសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង។

ឆ្លើយតបរបាយការណ៍ខាងលើ ចិនបានចេញមុខថ្កោលទោសថា វាជាការវិនិច្ឆយខុសយ៉ាងធ្ងន់ ហើយបានអះអាងថា ប្រទេសចិនប្តេជ្ញាចំពោះ​គន្លងផ្លូវនៃការអភិវឌ្ឍដោយសន្តិភាព។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ភាពរីកចម្រើននៃកម្លាំងយោធា​របស់ចិន គឺតំណាងឱ្យកំណើននៃកម្លាំងដើម្បីសន្តិភាពពិភពលោក។

ជាចុងក្រោយ លោក Lin បានគូសបញ្ជាក់ថា «ការអភិវឌ្ឍកម្លាំងយោធារបស់ប្រទេសចិន គឺក្នុងបំណងដើម្បីរក្សាការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិខ្លួន ហើយមិនមានគោលដៅសំដៅរកប្រទេសទី៣ណាមួយនោះទេ»។ ទន្ទឹមគ្នាដែរ អ្នកនាំពាក្យចិន បានទទូចឱ្យស្ថាប័នពាក់ព័ន្ធទាំងឡាយ ឈប់ខំប្រឹងបំប៉ោងអ្វីដែលត្រូវបានហៅថា​ «ការគំរាមកំហែងរបស់ចិន» តទៅទៀត ហើយមើលមកការអភិវឌ្ឍ​របស់ប្រទេសចិន ដោយឈរលើជំហរមួយដែលសត្យានុម័ត យុត្តិធម៌ និងសមហេតុផល៕